ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
កម្មវិធីពានរង្វាន់តន្ត្រីធំប្រចាំឆ្នាំរបស់អាមេរិកគឺ American Music Awards ទើបតែបញ្ចេញបញ្ជីបេក្ខភាពសិល្បករដណ្ដើមពានរង្វាន់ក្នុងឆ្នាំនេះ ដោយតារារ៉េប Kendrick Lamar បាននាំមុខគេដោយមានឈ្មោះប្រកួតប្រជែងពានរង្វាន់ដល់ ១០ ផ្នែក។តារារ៉េប Kendrick Lamar បាននាំមុខគេក្នុងបញ្ជីបេក្ខភាពពានរង្វាន់ American Music Awards ហៅកាត់ AMAs ដោយមានឈ្មោះដណ្ដើមពានរហូតដល់ ១០ ផ្នែករួមទាំងពានរង្វាន់ធំៗដូចជាសិល្បករប្រចាំឆ្នាំ និងបទចម្រៀងប្រចាំឆ្នាំ សម្រាប់បទ Diss track “Not Like Us”។
បទចម្រៀង “Not Like Us” នេះគឺជាផ្នែកមួយនៃជម្លោះរាប់ឆ្នាំរវាង Lamar និងតារារ៉េបកាណាដា Drake ដែលកន្លងមក Drake បានប្តឹង Universal Music Group ពីបទបរិហារកេរ្តិ៍ដោយសារតែការចេញបទចម្រៀងនេះ។សិល្បករលេចធ្លោបន្ទាប់ គឺតារាចម្រៀង Post Malone ដែលបានជាប់បេក្ខភាពចំនួនប្រាំបីពានរង្វាន់ ក្នុងនោះរួមមានពានតារាចម្រៀងប្រុសពេញនិយម និងពានអាល់ប៊ុមចម្រៀង Country ពេញនិយមសម្រាប់អាល់ប៊ុម "F-1 Trillion"។
កន្លងមក លោកក៏ធ្លាប់បានឈ្នះពានរង្វាន់ពីកម្មវិធី AMAs ដែរ ប៉ុន្តែក្នុងប្រភេទតន្ត្រីបែប Rap/Hip Hop និង Pop/Rock។អ្នកមានឈ្មោះដណ្ដើមពានរង្វាន់ច្រើនបន្ទាប់រួមមាន តារាចម្រៀងស្រីវ័យក្មេង Billie Eilish និង Chappell Roan ព្រមទាំងតារារ៉េប Shaboozey ដែលបានជាប់បេក្ខភាពម្នាក់ ៧ ពានរង្វាន់។ ចំណែកកំពូលតារាចម្រៀង Taylor Swift ដែលធ្លាប់តែទទួលបានពាន AMAs ច្រើនជាងគេ នៅឆ្នាំនេះបានជាប់បេក្ខភាពចំនួន ៦ ពាន។
អាល់ប៊ុម "Cowboy Carter" របស់ Beyonce ដែលបានឈ្នះពានរង្វាន់កំពូលនៅ Grammys ឆ្នាំនេះ បានជាប់បេក្ខភាពដណ្ដើមពានអាល់ប៊ុមប្រចាំឆ្នាំ និងអាល់ប៊ុម Country ពេញនិយម នៅកម្មវិធី AMAs ខណៈ Beyonce ផ្ទាល់ក៏មានឈ្មោះប្រកួតប្រជែងពានរង្វាន់តារាចម្រៀងស្រីពេញនិយមផងដែរ។
គួរបញ្ជាក់ថា បញ្ជីបេក្ខភាពនេះត្រូវបានជ្រើសរើសដោយផ្អែកលើការជាប់ចំណាត់ថ្នាក់នៅលើតារាងតន្ត្រី Billboard តួលេខស្ដាប់ចម្រៀង និងការលក់អាល់ប៊ុម ព្រមទាំងការចាក់ផ្សាយតាមវិទ្យុ និង engagement លើបណ្ដាញសង្គមក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ជយលាភីពានរង្វាន់នឹងត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកគាំទ្រ ហើយលទ្ធផលនឹងត្រូវប្រកាសក្នុងកម្មវិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដោយមានតារាចម្រៀង Jennifer Lopez ជាពិធីការិនី ៕
ប្រែសម្រួល៖ វ៉ាន់ថន