ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
អ្នកគាំទ្រអន្តរជាតិជាច្រើនបានសម្រុកទៅទស្សនាការតាំងពិព័រណ៍អាល់ប៊ុមចម្រៀងរបស់សមាជិកក្រុម BTS, Jung Kook ដែលបាននិងកំពុងរៀបចំឡើងយ៉ាងពិសេសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ការតាំងពិព័រណ៍ថ្មីមួយដែលបង្ហាញពីសមិទ្ធផល និងស្នាដៃរបស់ Jung Kook សមាជិកកូនពៅនៃក្រុមចម្រៀងខេប៉ុបល្បីល្បាញលំដាប់ពិភពលោក BTS បានចាប់ផ្ដើមបើកនៅទីក្រុងញូវយ៉កកាលពីពេលថ្មីៗនេះ ដោយទាក់ទាញអ្នកគាំទ្រអន្តរជាតិជាច្រើនមកតម្រង់ជួររង់ចាំចូលទស្សនា។
ការតាំងពិព័រណ៍មានឈ្មោះថា "GOLDEN: The Moments" បានផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលអាចឱ្យអ្នកចូលទស្សនាបានយល់កាន់តែស៊ីជម្រៅអំពីដំណើររបស់ Jung Kook តាំងពីជាតារាពន្លកថ្មីនៅកូរ៉េខាងត្បូងរហូតក្លាយជាអាយដលសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។
ក្នុងនោះ អ្នកគាំទ្រអាចស្វែងយល់ពីបណ្តុំនៃសម្លៀកបំពាក់ដែល Jung Kook បានប្រើប្រាស់សម្រាប់ការងារនាពេលកន្លងមក វីដេអូចម្រៀង ពានរង្វាន់ និងរូបថតជាច្រើនរបស់លោក។
មិនតែប៉ុណ្ណោះ ការតាំងពិព័រណ៍នេះក៏បានបង្ហាញពីរឿងរ៉ាវនៅពីក្រោយការផលិតអាល់ប៊ុមទោលដំបូងរបស់តារាវ័យ ២៧ ឆ្នាំរូបនេះ គឺអាល់ប៊ុម "GOLDEN" ដែលបានក្លាយជាពេលវេលាដ៏សំខាន់នៅក្នុងអាជីពតន្ត្រីរបស់លោក។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី ១១ ខែឧសភា នៅអគារ 30 Wall Street ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្របពេលដែលសមីខ្លួន Jung Kook កំពុងជាប់បំពេញកាតព្វកិច្ចយោធា ដែលនឹងកំណត់ពេលបញ្ចប់នៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន