ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
នាយករដ្ឋមន្ត្រីកាតាបាននិយាយនៅថ្ងៃអាទិត្យ(២៨មេសា) ថា កិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀង បទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សាមានការវិវត្តន៍ទៅមុខខ្លះៗ ប៉ុន្តែកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដើម្បីបញ្ចប់សង្គ្រាមនៅតែមិនប្រាកដ។
នាយករដ្ឋមន្ត្រីកាតាលោកSheikh Mohammed bin Abdulrahman Al Thani បាននិយាយដូច្នេះ«យើងបានឃើញថាកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍មានការវិវត្តន៍ទៅមុខខ្លះៗ បើប្រៀបធៀបទៅនឹងជំនួបមុនៗ តែយើងនៅមិនទាន់បានចម្លើយនៅឡើយទេសម្រាប់សំនួរថាតើសង្គ្រាមនេះនឹងបញ្ចប់ទៅយ៉ាងណា។ នេះជាចំណុចសំខាន់នៃកិច្ចចរចារទាំងមូល»។
នាយករដ្ឋមន្ត្រីកាតា មិនបាននិយាយឡើយថាតើកិច្ចពិភាក្សានាពេលថ្មីៗនេះវិវត្តន៍ទៅមុខត្រង់ចំណុចមួយណា។ ប៉ុន្តែប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ នៅតែខ្វែងគំនិតគ្នាទៅលើគោលដៅចុងក្រោយនៃការចរចា។
លោកបាននិយាយថា ក្រុមសកម្មប្រយុទ្ធមានឆន្ទៈក្នុងការប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ទាំងអស់ត្រលប់មកវិញ ប្រសិនបើអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ប៉ុន្តែអ៊ីស្រាអែលចង់ឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅសល់ដោយមិនផ្តល់ការយល់ឃើញច្បាស់លាស់ក្នុងការបញ្ចប់សង្រ្គាម។
ប្រែសម្រួល៖ណាវ័ន្ត