ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥

កម្ពុជា បន្តពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទៅកាន់ ប្រទេសជប៉ុន

២៨ មេសា ២០២៥ | សេដ្ឋកិច្ច

 

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពី ការទូទាត់ឆ្លងដែនរវាង ឃ្យូអរកូត KHQR របស់កម្ពុជា និង JPQR នៃប្រទេសជប៉ុន ដែលរំពឹងនឹងផ្តល់ភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពលើការទូទាត់ឆ្លងព្រំដែនរវាងប្រទេសទាំង ២។

 

 

បើតាមការផ្សព្វផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោលបំណងបង្កើតក្របខណ្ឌ តភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២។

 


កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ ៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។ 

 


ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជា បានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជា សម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមយ្យអរកួតជាមួយភាគីកម្ពុជា។


ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។


ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកួតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន គ្រោងនឹងដាក់ឱ្យដំណើរការ ក្នុងឆមាសទី ១ ឆ្នាំនេះ ខណៈដំណាក់កាលទី ២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ ២០២៥៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025