ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

ពន្ធលើដីធ្លីក្រោម៥ហិកតាមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ មិនជាប់ពន្ធឡើយ

២៥ មេសា ២០២៥ | សេដ្ឋកិច្ច

 

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ ៥ហិកតា ត្រូវបានលើកលែង។ នេះបើយោងតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃនេះ។ យោងតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។

 


ក្នុងនោះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធ មានដូចជា ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ និងដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។

 

 

ហើយចំពោះដីទំហំលើស ៥ហិកតា អាចរួចពន្ធក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាពសេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ទីបួន, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋាភិបាល, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, ដីដែលរដ្ឋជួលសម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រម, ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 


យោងតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារដដែល បានបន្តថា ក្នុងករណីដែលដីធ្លីត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

 


គួររំលឹកថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំ ឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច ជាជាងការទុកចោលឱ្យនៅទំនេរ។សូមជម្រាបថា ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធនោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025