ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

ជំរុញការផ្លាស់ប្ដូរឧស្សាហកម្មភាពយន្ត! ព្រឹត្តិការណ៍« Hong Kong Film Gala Presentation »លើកទី២នៅ កម្ពុជា កាន់តែផ្ទុះការចាប់អារម្មណ៍ ! 

២៥ មេសា ២០២៥ | កម្សាន្ដ

 

 

ព្រឹត្តិការណ៍« Hong Kong Film Gala Presentation » បានរៀបចំឡើងនៅក្នុងប្រទេស កម្ពុជា ជាថ្មីម្ដងទៀត ដើម្បីជំុញការផ្សព្វផ្សាយភាពយន្តប្រទេសទាំងពីរ ដោយមានការចូលរួមពីផលិតករភាពយន្តល្បីៗ ការចាក់បញ្ចាំងភាពយន្ត និងការតាំងពិព័រណ៌ភាពយន្ត ដែលបង្ហាញពីវប្បធម៌និងភាពទាក់ទាញកាន់តែខ្លាំង ។ 

 

 

ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុង បានរៀបចំឡើងដោយបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) ជំនួយហិរញ្ញវត្ថុពី មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO)នៅទីក្រុងបាងកក នឹងសហការរៀបចំដោយក្រុមហ៊ុន Westec Media Limited ជាមួយនឹងការចាក់បញ្ជាំងភាពយន្តហុងកុងពិសេសចំនួន ៦ នៅ Fable Cinema មានទីតាំងនៅ Factory Phnom Penh ដែលជាកន្លែងបែបច្នៃប្រឌិតធំមួយនៅក្នុងអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៥ ។ 

 

 

ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុងនៅ កម្ពុជា លើកទី២នេះមានការអញ្ជើញចូលរួមជាអធិបតីក្រោមវត្តមានឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ។ លោកស្រី Ji Li កុងស៊ុលស្ថានទូតសាធារណរដ្ឋប្រជាមានិត ចិន ប្រចាំនៅកម្ពុជា លោក  Parson Lam នាយកការិយាល័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ព្រមទាំងផលិតករ តារាសម្តែងភាពយន្តហុងកុង និងសិល្បករសិល្បការិនីក្នុងប្រទេស កម្ពុជា ជាច្រើន ...។

 

 

 ទាំងផលិតករ និងសិល្បករខ្មែរពិតជាមានការចាប់អារម្មណ៍ខ្លាំងចំពោះព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុងនៅក្នុងឆ្នាំនេះ ។    គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Hong Kong Film Gala Presentation រៀបចំឡើងក្នុងគោលបំណងជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងឧស្សាហកម្មភាពយន្តនៃតំបន់ទាំងពីរ ការបង្ហាញភាពសម្បូរបែបនៃភាពយន្តហុងកុង និងណែនាំភាពយន្តឆ្នើមបន្ថែមទៀតដល់ទស្សនិកជន កម្ពុជា ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីទេពកោសល្យសិល្បៈរបស់អ្នកដឹកនាំខ្សែភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងរវាងសហគមន៍ភាពយន្តហុងកុង និងកម្ពុជា ។ 

 

 

បន្ថែមពីការបញ្ចាំងភាពយន្ត ក៏មានការតាំងពិព័រណ៍ភាពយន្ត ក្រោមប្រធានបទ ទីក្រុងនៃរោងភាពយន្ត ដែលនឹងប្រព្រឹត្តទៅនៅ Factory Phnom Penh ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក ដល់ម៉ោង៧យប់ ជារៀងរាល់ថ្ងៃ ចូលរួមគឺដោយស៊េរី ដោយការតាំងបង្ហាញមានជាភាសាអង់គ្លេស និងខ្មែរ ។

 

 

 ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះនឹងបង្ហាញនូវឈុតឆាកដ៏អស្ចារ្យដែលនឹងដកស្រង់ចេញពីខ្សែភាពយន្ត៦ ដែលបង្ហាញពីភាពរស់រវើកនៃទីក្រុងហុងកុង ឆ្លុះបញ្ចាំងតាមរយៈខ្សែភាពយន្តរបស់ខ្លួន ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពនៃការតភ្ជាប់ដ៏មានឥទ្ធិពលរវាងភាពយន្ត និងជីវិតប្រចាំថ្ងៃ ។

 

 

ភាពយន្តដែលត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងជាពិសេសនៅ Fable Cinema មានដូចជា ភាពយន្ត Papa ដឹកនាំដោយលោក Philip YUNG, ភាពយន្ត Inexternal ដឹកនាំដោយលោក YUEN Kim Wai, ភាពយន្ត Stuntman ដឹកនាំដោយលោក Albert LEUNG និង Herbert LEUNG, ភាពយន្ត Red Little Sweet ដឹកនាំដោយលោក Vincent CHOW, ភាពយន្ត Blossoms Under Somewhere ដឹកនាំដោយលោក Riley YIP, និង ខ្សែភាពយន្តល្បីបំផុត Mr. Vampire។ 

 

 

ព្រមទាំងការចូលរួមដោយផ្ទាល់ពិសំណាក់អ្នកដឹកនាំខ្សែភាពយន្តឆ្នើម ដើម្បីស្វាគមន៍ទស្សនិកជនមុននឹងការចាក់បញ្ចាំង គឺ លោក Riley YIP និងតារាសម្តែងលោក Adam PAK ក្នុងភាពយន្ត Blossoms Under Somewhere និងតារាសម្តែងពីរនាក់ទៀត គឺលោក Max CHEUNG និង Sing LAM ក្នុងភាពយន្ត Stuntman ។ ទស្សនិកជនអាចចូលរួមទស្សនាភាពយន្តហុងកុងទាំងនោះតាមពេលវេលាដែលបានកំណត់តម្លៃសំបុត្រត្រឹមតែ 2.50 ដុល្លារតែប៉ុណ្ណោះ ៕ 


 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025