ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
តារាល្បីៗជាច្រើនរូបបានប្រមូលម្តុំគ្នាក្នុងសង្ក្រាន្ត Honey Win ដោយខ្លះចូលរួមល្បែងប្រជាប្រិយខ្មែរ និងខ្លះទៀតរាំលេងកម្សាន្ត អបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
«សង្ក្រាន្ត Honey Win» បានលេចរូបរាងឡើងនៅទឹកដីទីក្រុងរណបកោះនរា រយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៥ ដោយមានវត្តមានសិល្បករ-សិល្បការនីយ៉ាងច្រើនកុះករបានចូលរួមលេងកម្សាន្តញ៉ាំងឱ្យកម្មវិធីសង្ក្រាន្តនេះរឹតតែមានភាពអធិកអធមខ្លាំងឡើង។
ដោយសារឆ្នាំនេះជាឆ្នាំដំបូងនៃការរៀបចំកម្មវិធីសង្ក្រាន្ត លោកស្រី ធីតា ឣគ្គនាយកា Honey Win មិនសំចៃដែក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តទ្រង់ទ្រាយធំសម្បើម ក្នុងបំណងលើកស្ទួយប្រពៃណីវប្បធម៌ជាតិខ្មែរ និងជំរុញការគាំទ្រផលិតផលក្នុងស្រុក។
ម៉្យាង លោកស្រីចង់បង្ហាញឱ្យបរទេសឃើញពីសិល្បៈវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរយើង នាអំឡុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលយើងតែងតែនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងជួបជុំគ្នារាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
បន្ថែមពីលើសកម្មភាពសប្បាយៗ រយៈពេល ៣ថ្ងៃ ក៏មានការលេងបាញ់ទឹកកម្សាន្តជាមួយឡានទឹក និងការប្រគំតន្ត្រីខ្នាតយក្សពីសំណាក់តារាចម្រៀងល្បីៗលំដាប់ប្រទេស ដូចជា មាស សុខសោភា , រ៉ាប៊ី, ណាន វីសារ , ផាត់តាភូ, តារារ៉េប តូរ៉ូ , អោម វិច្ឆិកា , តារាកំប្លែង Pankcake និងតារាល្បីៗជាច្រើនរូបទៀត ដែលគ្រប់គ្នាបានបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំអមដោយក្បាច់រាំយ៉ាងរស់រវើក។
មិនតែប៉ុណ្ណោះ ក៏មានការសម្តែងផ្ទាំងទស្សនីយភាពរបាំបុរាណ ដើម្បីឱ្យពុកម៉ែបងប្អូនបានទស្សនាកម្សាន្តមុនពេលពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់នាពេលឆាប់ៗខាងមុនេះ។ ជាងនេះទៀត ក៏មានស្តង់ផលិតផលខ្មែរ និងម្ហូបអាហារឆ្ងាញ់ៗដ៏មានឱជារស រួមទាំងទីតាំងថតរូបដែលរំលេចវប្បធម៌ខ្មែរទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច