ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

World Miss University  រៀបចំកម្មវិធីប្រកួតថ្នាក់អន្តរជាតិធំៗ២ នៅ កម្ពុជា 

១៦ កញ្ញា ២០២៥ | កម្សាន្ដ

 

 World Miss University  នៅចុងឆ្នាំ២០២៥នេះ កម្ពុជាយើងនឹងធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នា គឺ ទី១ «ការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា» និង ទី២ «ការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia»។ស្ថាប័នគ្រប់គ្រងកម្មវិធី World Miss University កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកម្មវិធីលំដាប់អន្តរជាតិ និងកម្មវិធីថ្នាក់ជាតិ ២ ផ្ទួនគ្នា នៅចុងឆ្នាំ២០២៥នេះ។

 

 តាមការបញ្ជាក់ពី លោក ស៊ឹងមិន អ៊ី ប្រធានគណៈកម្មការរៀបចំការប្រកួត World Miss University កម្មវិធី ២ ដែល កម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះគឺ ទី១. ការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា (32nd World Miss University Cambodia )  ដែលនឹងប្រព្រឹត្តិឡើងចាប់ថ្ងៃទី០១-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និង ទី២. ការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៨ ខែធ្នូ ឆ្នាំ២០២៥។

 

ប្រធានគណៈកម្មការរូបនេះ បន្តថា បវរកញ្ញាស្រស់សោភាមកពី ៤៥ ប្រទេសជុំវិញពិភពលោក នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមការប្រកួតបវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ ហើយគណៈកម្មការនឹងអញ្ជើញបវរកញ្ញាទាំងអស់ឲ្យឈរថតរូបនៅវិមានឯករាជ្យ និងបង្ហាញសារផ្សេងៗទៅកាន់ពិភពលោកចំថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃ ៩ វិច្ឆិកា តែម្តង។ ការធ្វើដូច្នេះ គឺស្របតាមកម្មវិធី WMU ដែលបង្កើតឡើងតាំងពីឆ្នាំ 1986 ដើម្បីអបអរសាទរ «ឆ្នាំសន្តិភាពអន្តរជាតិ» ដែល UN បានប្រកាស និងទទួលស្គាល់។ ជារួម WMU គឺជាវេទិកាអន្តរជាតិ ដែលយុវជនមិនត្រឹមតែមានសំឡេងសន្តិភាពទេ វាអាចត្រូវបានគេហៅថាជាវេទិកាសកលអនុវត្តសន្តិភាព។

 

 

លោករំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាសារនិមិត្តរូប ដែលនឹងទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេសគឺទិដ្ឋភាពដែលយុវជនមកពីប្រទេសនីមួយៗ ប្រកាសសន្តិភាពនៅមុខប្រាសាទអង្គរវត្ត។ មិនតែប៉ុណ្ណោះ WMU នឹងមានវេទិកាសន្តិភាព សេដ្ឋកិច្ច បរិស្ថានជាមួយនិស្សិតសាកលវិទ្យាល័យមកពីជុំវិញពិភពលោក។សម្លេងបកប្រែ៖ «កម្មវិធី World Miss University មាន slogan មួយ គឺ “ពិភពលោកតែមួយ”។ គោលបំណងនៃការរៀបចំការប្រកួតអន្តរជាតិ WMU នៅកម្ពុជា ដោយសារចង់បង្ហាញឱ្យពិភពលោកដឹងពីសិល្បៈ វប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរយើង ពិសេសប្រាសាទអង្គរវត្ត។ ... កម្ពុជាយើងសម្បូរប្រជាជនវ័យក្មេងដែលពោរពេញដោយក្តីស្រមៃ ដូច្នេះតាមរយៈការប្រកួត WMU ពួកគេអាចបង្ហាញសមត្ថភាព ដើម្បីឈោងចាប់ក្តីស្រមៃទាំងនោះបាន។

 

 

ក្នុងកម្មវិធី WMU ផ្តោតលើមាតិកា ៣ធំៗ គឺ បរិស្ថាន សន្តិភាព និង សេដ្ឋកិច្ច រាល់មាតិកាទាំងនេះនឹងត្រូវលើកយកមកបង្ហាញ ហើយនិយាយដើម្បីជាការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងចាប់អារម្មណ៍កម្មវិធី World Miss University ឱ្យបានច្រើនៗ ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យកម្មវិធីប្រកួតនេះដំណើរការទៅបានល្អ»៕តាមរយៈការបញ្ចប់ដោយជោគជ័យនៃ World Miss University ទី៣២ យើងនឹងចែករំលែកស្មារតី នៃការរួបរួមពិភពលោកជាមួយប្រជាជនកម្ពុជា។ ភ្ជាប់ជាមួយគ្នានោះ ការប្រកួតក៏ជំរុញឱ្យមានសកម្មភាពសប្បុរសធម៌ផ្សេងៗ រួមទាំង៖ គម្រោងដំណើរការហាងកាហ្វេ Go Peace ជាមួយនឹងអត្ថន័យនៃសន្តិភាព និងប្រើប្រាស់ប្រាក់ចំណេញដើម្បីគាំទ្រកម្មវិធីអាហារូបករណ៍ជាដើម។ 

 

 

ចំពោះការបោះឆ្នោតតាមអ៊ីនធឺណិត ចាប់ពីថ្ងៃទី1ខែតុលា ដល់ ថ្ងៃទី16ខែវិច្ឆិកា ឆ្នាំ2025 ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមជាសកល តាមរយៈប្រព័ន្ធ blockchain WMU Coin ដែលប្រកបដោយភាពសុក្រិត អ្នកបោះឆ្នោតនឹងទទួលបានCoinសម្រាប់គាំទ្របេក្ខជនរបស់ពួកគេ ដែលនឹងត្រូវបានប្រើដើម្បីផ្តល់អាហារូបករណ៍ទៅដល់បេក្ខជន។ បន្ថែមទីនេះ WMU មានចលនា mecenat ដែលមិនមែនគ្រាន់តែជាការបរិច្ចាគ ឬការឧបត្ថម្ភនោះទេ ប៉ុន្តែជាប្រព័ន្ធដែលផ្តល់ឱ្យសង្គមវិញតាមរយៈសម្បត្តិវប្បធម៌។ ជាឧទាហរណ៍ វាជាឌីជីថលដល់ស្នាដៃរបស់វិចិត្រករវ័យក្មេង ភ្ជាប់ពួកវាទៅកាន់ទីផ្សារពិភពលោក ហើយបន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញដើម្បីផ្តល់មូលនិធិដល់គម្រោងអប់រំ និងបរិស្ថាន។

 

 

សម្រាប់សន្និសីទនេះ យើងក៏កំពុងរៀបចំពិព័រណ៍សហការជាមួយសិល្បករក្នុងស្រុកផងដែរ។ WMU Mecenat Modelដែលភ្ជាប់សិល្បៈ សេដ្ឋកិច្ច និងតម្លៃសង្គម។សូមជម្រាបឱ្យដឹងផងដែរថា សន្និសីទខាងលើនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារកំាបូឌីយ៉ាណា ដោយមានការចូលរួមពីប្រធានគណៈកម្មការរៀបចំការប្រកួត World Miss University លោក ស៊ឹងមិន អ៊ី (Seung Min Lee) ,  កញ្ញា Nagma Shrestha ម្ចាស់ជយលាភី Top3 World Miss University ឆ្នាំ ២០១៦ មកពីប្រទេសនេប៉ាល់ , កញ្ញា Karolina Chernoshei ម្ចាស់ជយលាភី Top3 World Miss University ឆ្នាំ២០១៧ មកពីប្រទេសបេឡារ៉ូស , កញ្ញា ប៊ី សុវណ្ណផន ម្ចាស់ជយលាភី 2024 World Miss University Cambodia និងបុគ្គលពាក់ព័ន្ធសំខាន់ៗជាច្រើនរូបទៀត។

 

 

បន្ទាប់ពីចប់ការប្រកួតលំដាប់អន្តរជាតិ បវរកញ្ញាសាកលវិទ្យាល័យពិភពលោកលើកទី៣២ នៅកម្ពុជា ស្ថាប័ន World Miss University នឹងបន្តរៀបចំការប្រកួតថ្នាក់ជាតិកម្មវិធី 2025 World Miss University Cambodia រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់លក្ខខណ្ឌចុះឈ្មោះ បេក្ខនារីត្រូវតែមានសញ្ជាតិខ្មែរ ជានិស្សិត (បរិញ្ញាបត្រ , អនុបណ្ឌិត , បណ្ឌិត) អាយុ២៧ឆ្នាំចុះក្រោម ត្រូវមានភាពឆ្លាតវៃ សីលធម៌ រូបសម្បត្តិ សមរម្យ ចូលចិត្តការចូលរួមសកម្មភាពសង្គមផងដែរ។ ទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ រួសរាន់ឡើង កុំឱ្យឱកាសបញ្ចេញសមត្ថភាពនេះរំលងហួសទៅឱ្យសោះ ដើម្បីអ្នកមានឱកាសឈោងចាប់ក្តីស្រមៃជាតារាពន្លកថ្មីដ៏ចែងចាំង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025