ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
មនុស្សពីរនាក់បានរងរបួសដោយសារហេតុការណ៍ផ្ទុះកាំជ្រួចខុសបច្ចេកទេសក្នុងការប្រគំតន្ត្រីទេសចរណ៍របស់ក្រុមចម្រៀងកូរ៉េ SEVENTEEN កាលពីចុងសប្ដាហ៍។
ក្រុមចម្រៀងបុរស SEVENTEEN និងផលិតកម្មរបស់ពួកគេ Pledis Entertainment បានចេញលិខិតសុំទោសបន្ទាប់ពីមានឧបទ្ទវហេតុផ្ទុះកាំជ្រួចធ្វើឱ្យអ្នកគាំទ្រពីរនាក់រងរបួសនៅក្នុងការប្រគុំតន្ត្រីរបស់ពួកគេនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ ។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Weverse ក្រុមហ៊ុនចម្រៀងកូរ៉េខាងត្បូងមួយនេះបាននិយាយថា "ក្នុងអំឡុងពេលផ្នែកចុងក្រោយនៃការប្រគំតន្ត្រី ទេសចរណ៍ពិភពកលោករបស់ Seventeen នៅ INCHEON មានកាំជ្រួចមួយចំនួនបានធ្លាក់មកលើទស្សនិកជនដោយមិននឹកស្មានដល់។
ទោះបីជាក្រុមហ៊ុនជំនាញបានធ្វើការត្រួតពិនិត្យសុវត្ថិភាពម្តងហើយម្តងទៀត រួមទាំងការកំណត់ចម្ងាយ និងទិសដៅសមស្របក៏ដោយ ប៉ុន្តែពួកយើងបានរកឃើញថាឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែផលិតផលខូចគុណភាពមួយចំនួន។ យើងសូមអភ័យទោសដោយស្មោះចំពោះទស្សនិកជនទាំងអស់ដែលបានជួបការលំបាក ឬការរំខានដោយឧប្បត្តិហេតុដែលមិននឹកស្មានដល់នេះ។"
Pledis បាននិយាយថាសមាជិកទស្សនិកជនពីរនាក់បានរងរបួសស្រាលហើយបានទទួលការព្យាបាលនៅនឹងកន្លែង ដោយអះអាងថានឹងបន្តផ្តល់ការគាំទ្រពេញទំហឹងសម្រាប់ការថែទាំតាមដានរបស់ពួកគេ ដើម្បីធានាឱ្យមានការជាសះស្បើយយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “NEW_” បានចាប់ផ្តើមនៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាមួយការសម្ដែងចំនួន២ គឺថ្ងៃទី ១៣ និង ១៤ ខែកញ្ញា នៅពហុកីឡដ្ឋាន Incheon Asiad Main Stadium មុននឹងចេញសម្ដែងនៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិក និងជប៉ុន។
ខណៈសមាជិកក្រុមទាំងអស់មាន ១៣ នាក់ ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីទេសចរណ៍លើកនេះ សមាជិក ៤ នាក់រួមមាន Jeonghan, Wonwoo, Hoshi និង Woozi នឹងមិនបានចូលរួមនោះទេ ដោយសារជាប់បំពេញកាតព្វកិច្ចយោធា ៕
ប្រែសម្រួល៖ វ៉ាន់ថន