ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ដោយសារក្តីស្រមៃមិនទាន់បានសម្រេច បវរកញ្ញាសម្បុរស្រអែមស្រស់ ខុន ស្រីខួច បានដាក់គោលដៅថ្មីឱ្យខ្លួនឯង ដោយនាងគ្រោងនឹងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនាពេលឆាប់ៗខាងមុខ ខណៈពេលនេះនាងកំពុងខំប្រឹងពង្រឹងសមត្ថភាពឱ្យខ្លាំងជាមុនសិន។
កញ្ញា ខុន ស្រីខួច ទើបតែបញ្ចប់កាតព្វកិច្ចជាបវរកញ្ញាតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss Global 2024/2025 ដែលកម្ពុជាជាសហម្ចាស់ផ្ទះរៀបចំជាមួយប្រទេសថៃ ប៉ុន្តែគួរឱ្យសោកស្តាយបវរកញ្ញារូបនេះមិនអាចបើកទ្វារនាំកម្ពុជាវគ្គ Top ចុងក្រោយនោះឡើយ។ យ៉ាងណាមិញ នាងនៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រពេលត្រឡប់មកមាតុភូមិវិញ កាលពីពេលថ្មីៗកន្លងទៅ។
ទោះបីលើកនេះ ស្រីខួច ធ្វើមិនទាន់បានល្អ តែនាងមិនបាក់ទឹកចិត្ត និងមិនបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឡើយ ដោយនាងបានដាក់គោលដៅថ្មីឱ្យខ្លួនឯង គឺនាងគ្រោងនឹងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ ពេលនេះបវរកញ្ញាសម្បុរស្រអែមស្រស់ ខុន ស្រីខួច កំពុងសម្លឹងមើលកម្មវិធីបវរកញ្ញាធំៗដែលមានឥទ្ធិពល និងសក្កានុពលខ្លាំងសម្រាប់ការប្រកួតម្តងទៀត។
ទន្ទឺមជាមួយការឃ្លាំមើលកម្មវិធី ស្រីខួច ក៏ឆ្លៀតពង្រឹងសមត្ថភាពខ្លួនឯងផងដែរ ព្រោះនាងដឹងច្បាស់ថា នាងនៅមានចំនុចខ្វះខាតជាច្រើនដែលត្រូវបំពេញបន្ថែម ពិសេសការប្រើប្រាស់ភាសាអង់គ្លេស។
បវរកញ្ញារូបនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្រនាងពេលនាងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ហើយនាងសន្យាថា នឹងធ្វើឱ្យបានល្អបំផុត ឱ្យអស់ពីសមត្ថភាពដែលមាន ដើម្បីមានឱកាសតំណាងកម្ពុជាលើវេទិកាអន្តរជាតិទៀត ព្រោះពេលនេះក្តីស្រមៃរបស់នាងនៅមិនទាន់បានសម្រេចនៅឡើយទេ។
Miss Global Cambodia 2024 ឱ្យដឹងថា នាងទទួលបានការងារសិល្បៈហូរហែរក្រោយត្រឡប់ពីប្រកួត Miss Global 2024/2025 នៅថៃ ដែលវាក៏ឱកាសល្អសម្រាប់នាងក្នុងការសន្សំបទពិសោធន៍ការងារ និងធនធានទុកជាទុនពេលចង់ត្រឡប់មកប្រកួតម្តងទៀតនៅឆ្នាំខាងមុខ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច