ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ២,៨% ក្នុងឆ្នាំ ២០២៥

២៥ មេសា ២០២៥ | សេដ្ឋកិច្ច

 

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២៥ មកត្រឹម ២,៨% ស្ថិតក្នុងកម្រិតមួយទាបជាងមុន ធៀបនឹងការព្យាករកាលពីខែមករា ដើមឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនយ៉ាងខ្លាំង ដោយលើកឡើងពី ការកើនឡើងនៃជម្លោះពាណិជ្ជកម្ម និងការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយ ។

 


ពេលនេះ IMF បានព្យាករពី កំណើនសេដ្ឋកិច្ចពិភពលោក នៅកម្រិត ២,៨% សម្រាប់ឆ្នាំ ២០២៥ ដែលជាការថយចុះយ៉ាងគំហុក ពីការប៉ាន់ប្រមាណក្នុងខែមករារបស់ខ្លួន ហើយនៅឆ្នាំ ២០២៦ នឹងធ្លាក់ចុះមកត្រឹម ៣%។

 


សម្រាប់ប្រទេសសេដ្ឋកិច្ចជឿនលឿន ប្រឈមមុខនឹងបញ្ហាចម្បង ដោយកំណើនជារួម គឺមានត្រឹមតែ ១,៤% ក្នុងឆ្នាំ ២០២៥ និង ១,៥% នៅឆ្នាំ ២០២៦។ដោយឡែក សេដ្ឋកិច្ចសហរដ្ឋអាមេរិក មានការកែប្រែយ៉ាងខ្លាំងបំផុត ដោយទស្សនវិស័យឆ្នាំ ២០២៥ របស់ខ្លួន បានធ្លាក់ចុះដល់ ០,៩ពិន្ទុ មកត្រឹម ១,៨% ដោយសារតែភាពមិនប្រាកដប្រជានៃគោលនយោបាយកើនឡើង ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែកើនឡើង។

 


ដោយឡែក ចំពោះទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ គឺអាចរក្សាបាននូវកំណើនដ៏រឹងមាំនៅកម្រិត ៣,៧% នៅឆ្នាំ ២០២៥ និង ៣,៩% នៅឆ្នាំ ២០២៦ ខណៈ ការព្យាករណ៍ចុងក្រោយសម្រាប់កំណើនរបស់ប្រទេសចិន ក្នុងឆ្នាំ ២០២៥ បានធ្លាក់ចុះ ០,៦ពិន្ទុ មកត្រឹម ៤%។សូមរម្លឹកថា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៥ ប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង ដោយសារតែការតម្រង់ទិសនៃគោលនយោបាយសេដ្ឋកិច្ចប្រទេសជាច្រើន ជាពិសេសទិសដៅនៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025