ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៨% នៅឆ្នាំ ២០២៥នេះ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចុះផ្សាយនៅថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ៥,៨% នៅឆ្នាំ ២០២៥ ទាបជាង ៦,៥% កាលពីឆ្នាំ ២០២៤ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ក្នុងនាមជាសេដ្ឋកិច្ចពឹងផ្អែកលើ ការដោះដូរពាណិជ្ជកម្ម ដែលការនាំចូល និងនាំចេញ ស្មើនឹង ១៧០% នៃផលិតផលក្នុងស្រុកសរុប វៀតណាម ត្រូវរងផលប៉ះពាល់ជាពិសេស ចំពោះការផ្លាស់ប្តូរនៃគោលនយោបាយពាណិជ្ជកម្មពិភពលោក។
យ៉ាងណា សហរដ្ឋអាមេរិក នៅតែជាគោលដៅនាំចេញធំបំផុតរបស់វៀតណាម ដែលស្មើនឹង ៣០% នៃការនាំចេញសរុបរបស់ខ្លួន ខណៈដែលប្រទេសចិនមាន ៣៨% នៃការនាំចូលរបស់ខ្លួន។ធនាគារពិភពលោក បានបន្តថា ភាពមិនប្រាកដប្រជា ក៏អាចធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ចុះខ្សោយបន្ថែមទៀត ដែលធ្វើអោយកំណើន GDP យឺតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយគូសបញ្ជាក់ពីភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុ នៅតែមាន។
ធនាគារនេះ បានបញ្ជាក់ថា ដោយសារប្រទេសវៀតណាម ប្រឈមនឹងបរិយាកាសខាងក្រៅ ការបង្ខូចនៅក្នុងគោលនយោបាយពាណិជ្ជកម្ម អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញ និងកំណើន។លើសពីនេះ កំណើនសេដ្ឋកិច្ចពិភពលោក យឺតជាងការរំពឹងទុក ក៏អាចកាត់បន្ថយតម្រូវការខាងក្រៅ និងប៉ះពាល់ដល់ការនាំចេញ និងការវិនិយោគឯកជន រួមទាំង ការវិនិយោគដោយផ្ទាល់ពីបរទេស ផងដែរ។
ជាចុងក្រោយ ធនាគារ បានព្យាករណ៍ថា ទស្សនវិស័យកំណើនរយៈពេលមធ្យមរបស់វៀតណាម នៅតែមានភាពវិជ្ជមាន ដោយកំណើនផលិតផលក្នុងស្រុកសរុបត្រូវបានប៉ាន់ប្រមាណថា នឹងងើបឡើងវិញដល់ ៦,១% នៅឆ្នាំ ២០២៦ និង ៦,៤% នៅឆ្នាំ ២០២៧។ ដើម្បីសម្រេចបាននូវសក្តានុពលនេះ វៀតណាម ត្រូវការបរិយាកាសសេដ្ឋកិច្ចអន្តរជាតិដែលមានស្ថិរភាពជាងមុន គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ក្នុងស្រុកសំដៅបង្កើនផលិតភាព ការវិនិយោគលើធនធានមនុស្ស និងការធ្វើឱ្យសេដ្ឋកិច្ចបៃតង៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ