ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
យោធាអ៊ីស្រាអ៊ែលនៅថ្ងៃព្រហស្បតិ៍ បានព្រមានពីការវាយប្រហារលើទឹកដីកាន់តែធំ និងកាន់តែខ្លាំងឡើងលើតំបន់ហ្គាហ្សា ប្រសិនបើចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់យកទៅមិនត្រូវបានដោះលែង។ ការលើកឡើងនេះ ធ្វើឡើងខណៈការវាយប្រហារដែនអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែលបានសម្លាប់មនុស្ស៥៥នាក់នៅតំបន់ហ្គាហ្សា។
ឧត្តមសេនីយ៍យោធាអ៊ីស្រាអ៊ែលលោក Eyal Zamir បានទៅជួបកងទ័ពនៅតំបន់ហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍ ដោយបានគំរាមកំហែង និងពង្រីកការវាយប្រហារលើតំបន់ហ្គាហ្សា ប្រសិនបើចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់យកទៅមិនត្រូវបានដោះលែងឆាប់រហ័ស។
មន្ត្រីយោធាអ៊ីស្រាអ៊ែលរូបនេះ លើកឡើងថា យោធាអ៊ីស្រាអ៊ែល នឹងបន្តដាក់សម្ពាធយោធាលើក្រុមហាម៉ាស់ និងពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែលលើក្រុមហាម៉ាស់នៅពេលចាំបាច់។
អ៊ីស្រាអ៊ែល បានចាប់ផ្តើមការវាយប្រហារលើក្រុមហាម៉ាស់ឡើងវិញនៅតំបន់ហ្គាហ្សានៅថ្ងៃ១៨មីនា ក្រោយបរាជ័យកិច្ចចរចារកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា។
ក្រុមសង្គ្រោះ និងគ្រូពេទ្យប្រចាំតំបន់ហ្គាហ្សា ឱ្យដឹងថា ការវាយប្រហារដែនអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សយ៉ាងតិច៥៥នាក់នៅថ្ងៃព្រហស្បតិ៍។
ចាប់តាំងពីអ៊ីស្រាអ៊ែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញ ឃើញថា ប្រជាជនប៉ាលេស្ទីន១៩៧៨នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដែលនាំឱ្យតួលេខមនុស្សស្លាប់នៅតំបន់ហ្គាហ្សាបានកើនឡើងដល់៥១៣៥៥នាក់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ យោងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា។
ប្រែសម្រួល៖ណាវ័ន្ត