ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
កម្លាំងសន្តិសុខឥណ្ឌា នៅតំបន់កាស្មៀរ បានចេញប្រតិបត្តការទ្រង់ទ្រាយធំស្វែងរកខ្មាន់កាំភ្លើងនៅថ្ងៃពុធ(២៣មេសា) គឺនៅ១ថ្ងៃក្រោយខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើក្រុមអ្នកទេសចរណ៍បណ្តាលឱ្យស្លាប់២៦នាក់។ ហេតុការណ៍នេះជាករណីបាញ់ប្រហារលើជនស៊ីវិលដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០០០មក។
លោកនាយករដ្ឋមន្ត្រី Narendra Modi បានថ្កោលទោស ជាទង្វើដ៏សាហាវ និងបានសន្យាថានឹងនាំយកជនដៃដល់មកកាត់ទោសឱ្យខានតែបាន។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប៊ី សាអូឌីត(Saudi Arabia)មុនពេលកំណត់ ហើយវិលត្រលប់ទៅទីក្រុងញូវដេលី(Delhi)វិញ ហើយលោកបានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ភ្លាមៗនៅពេលលោកមកដល់។ នេះបើតាមការឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលឥណ្ឌា។
មិនមានការចេញជាផ្លូវការពីតួលេខអ្នកស្លាប់ឡើយ។ ប៉ុន្តែកម្លាំងសន្តិសុខបានប្រាប់សារព័ត៌មានឱ្យដឹងថា មនុស្សយ៉ាងតិច២៦នាក់ស្លាប់នៅរសៀលថ្ងៃអង្គារ នៅពេលខ្មាន់កាំភ្លើង ចេញពីព្រៃនៅទីតាំងទេសចរណ៍ដ៏មានប្រជាប្រិយ ហើយប្រើកាំភ្លើងស្វ័យប្រវត្តិបាញ់ទៅលើក្រុមអ្នកទេសចរណ៍។
គ្មានក្រុមណាមួយចេញមុខអះអាងការទទួលខុសត្រូវទេ ក៏ប៉ុន្តែ ក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាមនោះ បានធ្វើការបះបោរ តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ។
ហេតុការណ៍បាញ់សម្លាប់ក្រុមអ្នកទេសចរណ៍នៅថ្ងៃអង្គារ បានបង្កឱ្យមានការខឹងសម្បារជាសាកល។
លោកប្រធានាធិបតីអាមេរិក Donald Trump បានទូរស័ព្ទទៅលោកModi នឹងបានស្នើភ្លាមៗការគាំទ្រពេញទំហឹងចំពោះប្រទេសឥណ្ឌាដើម្បីនាំយកជនល្មើសមកកាត់ទោស។
ក្នុងចំណោមមេដឹកនាំបរទេស ដែលបានថ្កោលទោសការវាយប្រហារ និងបានស្នើរការគាំទ្រមានលោកស្រីUrsula von der Leyen ប្រធានសហភាពអ៊ឺរ៉ុប បានសន្យាថា អ៊ឺរ៉ុបនឹងនៅជាមួយឥណ្ឌា។
ប្រែសម្រួល៖ណាវ័ន្ត