ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

មន្ត្រីអឺរ៉ុបមួយចំនួននឹងជួបប្រជុំគ្នានៅទីក្រុង ឡុងដ៍ សម្រាប់កិច្ចពិភាក្សាស្ដីពីសន្តិភាពនៅអ៊ុយក្រែន

 


លោក ហ្សឺឡិនស្គី បាននិយាយកាលពីថ្ងៃអង្គារថា គណៈប្រតិភូអ៊ុយក្រែននឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសនៅថ្ងៃពុធនេះដើម្បីជួបពិភាក្សាជាមួយនឹងមន្ត្រីមកពីប្រទេសបស្ចិមលោកមួយចំនួនស្ដីពីបទឈប់បាញ់គ្នានៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក ហ្សឺឡិនស្គី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសង្ខេបមួយថា អ៊ុយក្រែននឹងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចចរចាជាមួយនឹងភាគីរុស្ស៊ីក្នុងទម្រង់ណាមួយល្គឹកណាបទឈប់បាញ់បានកើតឡើង ហើយការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់ទីក្រុងកៀវ និងទីក្រុងម៉ូស្គូក៏ត្រូវបានបញ្ឈប់។

 

 

ទោះយ៉ាងណា លោកបានព្រមានថា វានឹងមិនងាយព្រមព្រៀងគ្នាភ្លាមៗលើអ្វីៗទាំងអស់នោះទេព្រោះមានបញ្ហាស្មុគស្មាញជាច្រើនដូចជាបញ្ហាទឹកដី ការធានាសន្តិសុខ និងសមាជិកភាពរបស់អ៊ុយក្រែនក្នុងសម្ពន្ធមិត្តអង្គការយោធាណាតូជាដើម។ កិច្ចពិភាក្សានៅទីក្រុងឡុងដ៍នេះគ្រោងនឹងចូលរួមដោយមន្ត្រីមកពីសហរដ្ឋអាម៉េរិក អង់គ្លេស បារាំង  អាល្លឺម៉ង់ និងអ៊ុយក្រែន ប៉ុន្តែអ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា លោក ម៉ាក រូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេសអាម៉េរិកនឹងមិនចូលរួមក្នុងកិច្ចពិភាក្សានេះទេ។ កិច្ចពិភាក្សានេះនឹងកើតឡើងចំពេលមានកិច្ចខិតខំការទូតដ៏ខ្លាំងក្លាក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិកដើម្បីស្វែងរកមធ្យោបាយបញ្ចប់សង្រ្គាមរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែន។ លោក ហ្សឺឡិនស្គី បាននិយាយថា លោកទំនងជានឹងជួបជាមួយនឹងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅចុងសប្តាហ៍នេះនៅពេលមេដឹកនាំទាំងទ្វេចូលរួមក្នុងពិធីបុណ្យសពរបស់សម្ដេចប៉ាបនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025