ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥

ក្រុមអ្នកស្រាវជ្រាវអាម៉េរិកបានបង្កើតឡើងវិញនូវប្រភេទសត្វឆ្កែចចកម្យ៉ាងដែលផុតពូជយូរឆ្នាំហើយ

២៨ មេសា ២០២៥ | កម្សាន្ដ


ក្រុមហ៊ុនជីវបច្ចេកវិទ្យាខូឡូសាលបៃអូសៃអិន (Colossal Biosciences) របស់សហរដ្ឋអាម៉េរិកបានអះអាងថា ពួកគេបានបង្កើតឱ្យមានឡើងវិញនូវប្រភេទសត្វចចកពណ៌សចំនួនបីក្បាលដែលបានផុតពូជរយៈពេលជាង១ម៉ឺនឆ្នាំមកហើយដោយការកែប្រែហ្សែនឆ្កែចចកប្រផេះបច្ចុប្បន្នដោយដាក់បញ្ចូលគ្នានឹង DNA របស់ឆ្កែចចកពណ៌សដែលគេបានរកឃើញនៅក្នុងឆ្អឹងហ្វូស៊ីលរបស់ពួកវា។

 

 


ក្រុមហ៊ុនខូឡូសាលបានបង្ហាញវីដេអូអំពីកូនឆ្កែចចកពណ៌សចំនួនពីរក្បាលដោយមួយក្បាលឈ្មោះ រ៉ូមូលឹស (Romulus) និងមួយទៀតឈ្មោះ រ៉េមឹស (Remus)។ បើយោងតាមក្រុមហ៊ុន Colossal បានឱ្យដឹងថា ឆ្អឹងហ្វូស៊ីលឆ្កែចចកមួយចំនួនដែលក្រុមហ៊ុននេះបានទាញយក DNA នោះរួមមានធ្មេញឆ្កែចចកដែលមានអាយុកាល១៣ ០០០ឆ្នាំ និងឆ្អឹងត្រចៀកខាងក្នុងមានអាយុជាង៧ម៉ឺនឆ្នាំមកហើយ។ 

 

 


លោក ខូរ៉េ ប្រេដស (Corey Bradshaw) សាស្ត្រាចារ្យផ្នែកបរិស្ថានសកលនៅសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders) របស់ប្រទេសអូស្ត្រាលីមានការសង្ស័យចំពោះការអះអាងរបស់ក្រុមហ៊ុននេះ និងការអនុវត្តជាក់ស្តែងនៃការបង្កើតឱ្យមានឡើងវិញនូវប្រភេទសត្វឆ្កែចចកទាំងនេះ។ លោក ប្រេដស បាននិយាយថា វាមិនអាចទៅរួចទេក្នុងការកែប្រែហ្សែនទាំងមូលនៃសត្វដែលបានផុតពូជរាប់ពាន់ឆ្នាំមកហើយនោះដោយសារកត្តាមួយចំនួនដូចជាការរលាយបាត់ DNA របស់ពួកវាជាដើម។

 

 


ក្រុមហ៊ុនខូឡូសាលដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១បានអះអាងថាពួកគេគឺជាក្រុមហ៊ុនជីវបច្ចេកវិទ្យាដំបូងគេដែលប្រើបច្ចេកវិទ្យាកែសម្រួលហ្សែន CRISPR ដើម្បីស្រាវជ្រាវប្រភេទសត្វដែលបានផុតពូជជាយូរឆ្នាំមកហើយ ខណៈដែលក្រុមហ៊ុននេះបាននិយាយថា ថ្មីៗនេះពួកគេបានបង្កើនប្រភេទសត្វឆ្កែចចកក្រហមដែលជិតផុតពូជដោយប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានេះផងដែរ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025