ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥

ប្រទេសកាណាដារៀបចំពិធីបោកខ្នើយដាក់គ្នាដើម្បីបង្កើនមិត្តភាព និងការសាមគ្គីជាសហគមន៍តែ១

២៨ មេសា ២០២៥ | កម្សាន្ដ

ក្រុមអ្នកប្រយុទ្ធបែបមិត្តភាពមានគ្នាប្រមាណមួយរយនាក់បានចូលរួមបោកខ្នើយដាក់គ្នាជាមិត្តភាពនៅទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដាកាលពីថ្ងៃទី១២ ខែមេសា។ នេះជាផ្នែកមួយនៃពិធីអបអរសាទរខួបបួនឆ្នាំនៃការបោកខ្នើយ។

 


នៅឯពិធីជួបជុំប្រកួតបែបមិត្តភាពនៅលើសួនណាថាន់.ហ្វ៊ីលីព.ស្វៀនោះ (Nathan Phillips Square) គេឃើញថាមនុស្សម្នាជាអ្នកធ្លាប់ស្គាល់គ្នាក្ដី មិនស្គាល់គ្នាក្ដីបានយកខ្នើយវាយគ្នាទៅវិញទៅមក និងរាំច្រៀងយ៉ាងគគ្រឹកគគ្រេងនៅពេលពួកគេបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន និងរំឭកទៅដល់អនុស្សាវរីយ៍កាលពីកុមារភាព។

 

 

រយៈពេល១ម៉ោងនេះ យើងទុកការខ្វែងគំនិតគ្នា១ឡែកសិនដើម្បីចូលរួមពិធីកម្សាន្តសប្បាយជាមួយអ្នកមកពីជិតឆ្ងាយទោះបីពុំធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយដើម្បីចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា។

 

 

ខាងលើនេះជាការថ្លែងរបស់លោកខេហ្វៀ.ឡេវី (Kfir Lavie) ជាអ្នករៀបចំកម្មវិធី  មកពីសួនលម្ហែកាយអឺបេន.ផ្លេក្រោន.តូរ៉ុនតូ (Urban Playground Toronto)។ លោកថ្លែងថាពិធីនេះធ្លាប់បានផ្អាកកាលពីអំឡុងខូវីដ១៩។ ឥឡូវនេះសួនលម្ហែកាយរបស់លោករៀបចំពិធីនេះឡើងវិញដើម្បីបញ្ជ្រាបស្មារតីរាប់អានគ្នាជាសហគមន៍តែមួយ។

 

 

អ្នកដែលអញ្ជើញចូលរួមនៅក្នុងពិធីនេះអាចចូលរួមយ៉ាងសប្បាយដោយសេរី។ គ្រាន់តែសំណូមពរ១ទេសូមកុំប្រើប្រាស់ខ្នើយផលិតពីស្លាបសត្វបក្សីដើម្បីជៀសវាងការពង្រាយសំរាមនៅទីនេះ។

 

 

លោកស្រីអេម៉ា.ជីបសុន (Emma Gibson) ដែលអញ្ជើញចូលរួមនៅក្នុងពិធីនេះប្រាប់ថាព្រឹត្តិការណ៍នេះជាឱកាសល្អណាស់សម្រាប់ការជួបប្រាស្រ័យទាក់ទងស្គាល់អ្នកថ្មីៗទៀត។ នេះជាវិធីដ៏អស្ចារ្យមួយដើម្បីចូលរួមសប្បាយរីករាយផង និងរំឭកអនុស្សាវរីយ៍កាលនៅវ័យកុមារផង៕

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025