ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥

ឡាវ ជំរុញការនាំចេញស្វាយកម្ពុជា ទៅចិន តាមផ្លូវដែក និងរថភ្លើងល្បឿនលឿន

០៥ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

 

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើកឡើងថា កម្ពុជា និងឡាវ បានជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដោតលើការនាំចេញស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ។

 


ក្នុងកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មកម្ពុជា និងឡាវ  រដ្ឋមន្រ្តីកសិកម្មនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងនោះ មានកិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្ដោតសំខាន់លើជីប៉ូតាស។

 


ក្នុងឱកាសនោះ ប្រទេសទាំងពីរ បានជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដោតលើការនាំចេញផលិតផលស្វាយ ទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។

 


ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត លើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួម។  សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ឡាវ ក៏បាននាំកម្ពុជាទៅទស្សនាក្រុមហ៊ុនផលិតជីប៉ូតាសលំដាប់លេខ ៥ ក្នុងពិភពលោក ដើម្បីស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំក្នុងការផលិតជីកសិកម្ម ៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025