ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្នាក់ដឹកនាំនៃផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជី គឺបានផ្តល់នូវចំណេះដឹង និងព័ត៌មានល្អៗរបស់ក្រុមហ៊ុនចុះបញ្ជីផ្ទាល់ ជូនវិនិយោគិនដែលធ្វើឱ្យ វិនិយោគិនកាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តវិនិយោគលើភាគហ៊ុនបាន។
នាវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ៖ វឌ្ឍនភាពរបស់ ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លើកឡើងថា ការរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីនេះ នឹងធ្វើឱ្យវិនិយោគិន អាចសម្រេចចិត្តបានកាន់តែល្អប្រសើរ ក្នុងការវិនិយោគទៅលើភាគហ៊ុន ពិសេសគឺការវិនិយោគរយៈពេលវែង។
ឯកឧត្តម ហុង សុហួរ បានណែនាំ និងលើកទឹកចិត្ត ដល់វិនិយោគិនរបស់យើង កុំឱ្យមានការព្រួយបារម្ភ ឬភ័យខ្លាចពេលភាគហ៊ុនធ្លាក់ចុះខ្លាំង ដែលវាអាចជាឱកាស ក្នុងការទទួលបានប្រាក់ចំណេញច្រើនទៅវិញ នៅពេលអនាគត បើក្រឡេកទៅមើល ថ្លៃភាគហ៊ុន GTI បានកើនឡើងពីជាង ២០០០រៀល ក្នុងមួយហ៊ុន នៅដើមឆ្នាំ២០២៤ មកដល់ជាង ៦០០០រៀល ក្នុងមួយហ៊ុន នៅចុងឆ្នាំ២០២៤ ហើយថ្លៃភាគហ៊ុនបានបន្តកើនឡើង មកដល់ជាង ៧០០០រៀល នាពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន GTI កន្លងទៅធ្លាប់ទទួលបានពានរង្វាន់ភាគហ៊ុន មានអត្រាចំណេញច្រើនជាងគេប្រចាំឆ្នាំ ២០២៤។
ឯកឧត្តម បន្ថែមថា ប្រសិនបើវិនិយោគិនមិនយល់ច្បាស់ ពីដំណើរការអាជីវកម្មក្រុមហ៊ុន ស្ថានភាពអាជីវកម្ម ស្ថានភាពនៃការស្វែងរកប្រាក់ចំណេញ និងទិសដៅអនាគតរបស់ក្រុមហ៊ុន នោះពួកគាត់មិនអាចវិនិយោគ ក្នុងទំហំទឹកប្រាក់ធំ ប្រកបដោយទំនុកចិត្តបានឡើយ ដូចនេះកម្មវិធីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិនិយោគិនគ្រប់រូប ហើយCSX នឹងបន្តធ្វើនៅតាមក្រុមហ៊ុនចុះបញ្ជីផ្សេងៗទៀតផងដែរ ដើម្បីជាប្រយោជន៍សម្រាប់វិនិយោគិន។
ជាក់ស្តែង តាមរយៈកម្មវិធីវេទិកាក្រុមហ៊ុនចុះបញ្ជី វិនិយោគិន នឹងកាន់តែមានទំនុកចិត្តមកកាន់ក្រុមហ៊ុនចុះបញ្ជី តាមរយៈជំនួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ ទិសដៅអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាបញ្ហាប្រឈមនានា។
សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន ២៥ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងមូលបត្រកម្មសិទ្ធិមានចំនួន ១១ក្រុមហ៊ុន និងមូលបត្របំណុល មានចំនួន ១៤ក្រុមហ៊ុន ប្រមូលសាច់ប្រាក់សរុបពី ទីផ្សារចំនួនប្រមាណជា ៥៣៩លានដុល្លារអាមេរិក ខណៈ គណនីជួញដូរនៅក្នុងទីផ្សារសរុបប្រមាណជាង ៦ម៉ឺនគណនី ដែលរំពឹងថា រហូតដល់ដំណាច់ឆ្នាំ ២០២៥ ចំនួនគណនី នឹងកើនដល់ជិត ៧ម៉ឺនគណនី៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ