ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា-ហុងកុង ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុលើ ប្រព័ន្ធទូទាត់សងប្រាក់ និងគ្រប់គ្រងទុនបម្រុងអន្តរជាតិ

០១ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ភាគីកម្ពុជា និងហុងកុង បានជួបពិភាក្សាការងារ ដើម្បីសិក្សាពីលទ្ធភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុលើ ប្រព័ន្ធទូទាត់សងប្រាក់ និងគ្រប់គ្រងទុនបម្រុងអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃនេះ។

 

 

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ តំណាងអាជ្ញាធររូបិយវត្ថុហុងកុងដោយផ្តោតលើចំណុចស្នូលចំនួន ៣ រួមមាន៖ ១) ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រាយ ២) ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់តម្លៃធំ និង ៣) កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ។  

 


ជាមួយគ្នានេះ ភាគីទាំង ២ បានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវ យន្តការសមស្រប ឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំង ២ ធ្វើការពិភាក្សាលើ ការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។

 


ការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់នេះ ក៏បានផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និង រឹងមាំថែមទៀត។ជាចុងក្រោយ ភាគីទាំង ២ ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹង ស្ថានភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថលអឺរ៉ូ ម៉ូដែលនៃការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការរៀបចំឱ្យមានកិច្ចសហការផ្លូវការផងដែរ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025