ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥

អ៊ឺរ៉ង់៖ កិច្ចចរចារជុំទី៤ជាមួយអាមេរិកនិងធ្វើឡើងនៅទីក្រុងរ៉ូមថ្ងៃ៣ឧសភា

 

 

លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ង់ បាននិយាយនៅថ្ងៃពុធថា កិច្ចពិភាក្សានុយក្លេអ៊ែរមិនផ្ទាល់ដែលសម្របសម្រួលដោយប្រទេសអ៊ូម៉ង់ជុំទី៤ រវាងប្រទេសអ៊ឺរ៉ង់និងសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅទីក្រុងរ៉ូមនៅថ្ងៃសៅរ៍។ យោងសារព័ត៌មានរដ្ឋផ្លូវការIRNA។ 

 

លោកAraghchi បានផ្តល់ដំណឹងថ្មីចុងក្រោយបំផុតនៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅតេហេរ៉ង់ នៅពេលឆ្លើយតបទៅនឹងសំនួរអំពីកិច្ចពិភាក្សាដែលកំពុងតែធ្វើឡើងជាមួយសហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ឺរ៉ង់ និងទណ្ឌកម្មរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ 

 

លោក​ បាន​កត់​សម្គាល់​ថា ប្រទេស​អូម៉ង់ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ពិភាក្សា ​បាន​សម្រេច​រៀបចំ​ជុំ​ទី​៤​នៅ​ទីក្រុង​រ៉ូម ដោយសារ​ហេតុផល​បច្ចេកទេស និង​ភ័ស្តុភារ។

 

លោក Araghchi បានកត់សម្គាល់ថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បច្ចុប្បន្នមិនបានចូលរួមក្នុងការចរចានេះទេ ប៉ុន្តែ «នឹងដើរតួយ៉ាងសំខាន់នាពេលអនាគត ប្រសិនបើមានកិច្ចព្រមព្រៀង»។

 

ជាមួយគ្នា, នៅថ្ងៃដដែល លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មថ្មីលើអង្គភាពដែលពាក់ព័ន្ធ ក្នុងជំនួញប្រេង និងផលិតផលឥន្ធនៈអ៊ីរ៉ង់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025