ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធ(៣០មេសា)បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល៦០០នាក់ដែលជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន បានស្លាប់ ហើយយោធារាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ការប្រកាសនេះ បានធ្វើឡើងក្រោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ជាផ្លូវការថា បានបញ្ជួនយោធាទៅ ជួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។
«រហូតមកដល់ឥឡូវ, យោធាកូរ៉េខាងជើង ស្លាប់និងរបួសមានចំនួនប្រហែល៤៧០០នាក់ រួមមានប្រហែល៦០០នាក់ស្លាប់»។ នេះជាការលើកឡើងរបស់លោកLee Seong-kweun សមាជិកសភាកូរ៉េខាងត្បូងនៃគណៈកម្មាធិការចារកម្មសភាថ្លែងប្រាប់សារព័ត៌មានក្រោយជំនួបជាមួយទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទថា កូរ៉េខាងជើងបានបញ្ជូនយោធា ទៅជួយប្រទេសរុស្ស៊ី។ យោងទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ឱ្យដឹងថា យោធាទីក្រុងព្យុងយ៉ាង បានជួយរុស្ស៊ីដណ្តើមយកទឹកដីKursk ដែលអ៊ុយក្រែនគ្រប់គ្រងនៅតំបន់ព្រំដែនរុស្ស៊ីត្រលប់មកវិញ។
រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានចេញបញ្ជាក់ដោយឡែកពីការចូលរួមរបស់ប្រទេសកូរ៉េខាងជើងនៅពេលជាច្រើនខែក្រោយភាពស្ងប់ស្ងាត់ជាផ្លូវការពីប្រទេសទាំងពីរបើទោះជារដ្ឋាភិបាលទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបញ្ជូនយោធានិងអាវុធទៅជួយរុស្ស៊ីក៏ដោយ។
ប្រែសម្រួល៖ណាវ័ន្ត