ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

ប៉ាគីស្ថាននិយាយថា ឥណ្ឌាអាចនឹងបើកការវាយប្រហារប៉ាគីស្ថានក្នុងពេល២៤-៣៦ម៉ោងទៀតនេះ

 

 

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថានលោក អាតូឡះ តារ៉ា (Attaullah Tarar) បាននិយាយនៅថ្ងៃពុធនេះថា ប៉ាគីស្ថានបានទទួលព័ត៌មានសម្ងាត់គួរឱ្យទុកចិត្តបានថា ប្រទេសឥណ្ឌាមានបំណងវាយប្រហារផ្នែកយោធាទៅលើប៉ាគីស្ថានក្នុងរយៈពេល២៤-៣៦ម៉ោងខាងមុខនេះ។ ផែនការនេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះក្រោយពីប្រទេសឥណ្ឌាបាននិយាយថា ប៉ាគីស្ថានអាចពាក់ព័ន្ធនឹងការវាយប្រហារដែលបានសម្លាប់បុរស២៦នាក់នៅតំបន់ទេសចរណ៍មួយក្នុងដែនដីកាស្មៀររបស់ឥណ្ឌាកាលពីសប្តាហ៍មុន។ ប៉ុន្តែប៉ាគីស្ថានបានបដិសេធចំពោះការពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនេះ និងបានអំពាវនាវឱ្យបើកការស៊ើបអង្កេតដោយភាពអព្យាក្រឹត។

 

 

ចាប់តាំងពីការវាយប្រហារនេះមក ប្រទេសទាំងពីរបានបញ្ចេញវិធានការដាក់គ្នាទៅវិញទៅមកដោយឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹកអ៊ីនឌូស ហើយប៉ាគីស្ថានបានបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ លោក តារ៉ា បាននិយាយថា ឥណ្ឌាមានបំណងវាយប្រហារលើប៉ាគីស្ថានឆាប់ៗនេះដោយប្រើប្រាស់ឧប្បត្តិហេតុនៃការវាយប្រហារនៅតំបន់កាស្មៀរធ្វើជាលេសមិនសមហេតុផល។ លោក តារ៉ា បានបន្ថែមថា ទង្វើនៃការឈ្លានពានណាមួយនឹងត្រូវបានឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ហើយឥណ្ឌានឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកធ្ងន់ធ្ងរណាមួយនៅក្នុងតំបន់នេះ។ ភ្លាមៗនេះក្រសួងការបរទេសឥណ្ឌាមិនបានឆ្លើយតបចំពោះការលើកឡើងរបស់ប៉ាគីស្ថាននេះទេ ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្ដេជ្ញាចិត្តថានឹងតាមចាប់អ្នកវាយប្រហារនៅតំបន់កាស្មៀរមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕
 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025