ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

កម្ពុជា ប្រមូលពន្ធគយបានជិត ២០លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗ

៣០ មេសា ២០២៥ | សេដ្ឋកិច្ច

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្នុងមួយថ្ងៃៗមន្រ្តីផ្នែកទទួលបន្ទុកខាងរដ្ឋបាលពន្ធគយ បានទទួលពន្ធគយប្រមាណជិត ២០ លានដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា។ 

 

 

 

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា អះអាងថា ក្នុងមួយថ្ងៃៗ មន្រ្តីផ្នែកទទួលបន្ទុកខាងរដ្ឋបាលពន្ធគយ បានទទួលពន្ធគយប្រមាណជិត ២០លានដុល្លារអាមេរិក ហើយការកើនឡើងពីចំណូលពន្ធគយនេះ ដោយសារតែកំណើននៃការទិញរថយន្តរបស់ក្រុមគ្រួសារពលរដ្ឋខ្មែរ ខណៈកំណើនប្រជាពលរដ្ឋសម្រុកទិញរថយន្តជាលក្ខណៈគ្រួសារនេះហើយ បានសបញ្ជាក់ថា ជីវភាពរបស់ប្រជាពលរដ្ឋ បានធូរធារជាងពេលមុន។ 

 


ក្នុងឱកាសនោះ សម្តេចនហាបវរធិបតី បានលើកឡើងថា សន្ទុះនៃការកើនពន្ធគយនេះ ខុសពីអតីតកាល ដែលមានត្រឹមតែក្នុងមួយថ្ងៃប្រមាណជាង ១០លានដុល្លារប៉ុណ្ណោះ។ កំណើនពន្ធគយនេះ ពិតជាបានជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា។

 


ទន្ទឹមនឹងនេះ ការប្រមូលចំណូលពន្ធគយ ក៏នឹងមានបញ្ហាប្រឈមធំៗមួយចំនួន រួមមានការបង្កើនវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកើនឡើងនៃផលិតកម្មក្នុងស្រុក ជំនួសឱ្យការនាំចូល ការអនុគ្រោះពន្ធ និងអាករកាន់តែទូលំទូលាយដើម្បីទាក់ទាញការវិនិយោគ ការកើនឡើងចំនួនរថយន្តធុនតូច និងរថយន្តអគ្គិសនី និងការបន្តមាននូវសកម្មភាពគេចពន្ធក្នុងរូបភាពថ្មី ប៉ុន្តែស្មុគស្មាញ។

 


ជាមួយគ្នានេះ ប្រទេសកម្ពុជាមានស្ថាប័នចំនួនពីរដែលទទួលខុសត្រូវលើការប្រមូលពន្ធ៖ ទី១ គឺអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលផ្តោតលើពន្ធផ្ទៃក្នុង ដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងស្ថាប័នមួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។សូមជម្រាបថា កាលពីឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលពន្ធគយបានជាង ២,៥ ពាន់លានដុល្លារ កើនឡើង ១៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025