ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

ចិន សម្រេចកំណើនសេដ្ឋកិច្ច ៥,៤% ក្នុងត្រីមាសទី ១

៣០ មេសា ២០២៥ | សេដ្ឋកិច្ច

 

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៥,៤% នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៥ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

 

ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា GDP របស់ប្រទេសចិន បានឈានដល់ ៤,៤ទ្រីលានដុល្លារ ក្នុងអំឡុងពេល ៣ខែនេះ។ជាក់ស្តែង GDP របស់ប្រទេសចិនបានកើនឡើង ៥% កាលពីឆ្នាំមុន ហើយប្រទេសនេះ បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ខ្លួន នៅប្រហែល ៥% សម្រាប់ឆ្នាំ ២០២៥។

 


ជាមួយគ្នានេះ ធនាគារឈានមុខលើពិភពលោក បានដំឡើងការព្យាករណ៍របស់ពួកគេ សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ ២០២៥ ដោយលើកឡើងពី គន្លងកំណើនរបស់ចិន ចាប់តាំងពីដើមឆ្នាំនេះ។ 

 


ធនាគារវិនិយោគអន្តរជាតិ Morgan Stanley ថ្មីៗនេះ បានបង្កើនការព្យាករណ៍កំណើន GDP សម្រាប់ប្រទេសចិន ប្រមាណ ០,៥% ដោយលើកឡើងពី ដំណើរការសេដ្ឋកិច្ច ខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ និងសន្ទុះនៃការវិនិយោគដ៏រឹងមាំ នៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន។

 


ដូចគ្នានេះដែរ ស្ថាប័នហិរញ្ញវត្ថុបរទេសធំៗផ្សេងទៀត រួមទាំង J.P.Morgan Chase, HSBC, Goldman Sachs និង Nomura ក៏បានកែសម្រួលការព្យាករណ៍របស់ពួកគេឡើងផងដែរ ដោយឆ្លុះបញ្ចាំងពី សុទិដ្ឋិនិយមដែលកំពុងកើនឡើងអំពី ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។


របាយការណ៍ស្រាវជ្រាវបានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញពីភាពធន់ និងសក្ដានុពលគួរឱ្យកត់សម្គាល់ នៅទូទាំងវិស័យផ្សេងៗ ដោយសារការគាំទ្រគោលនយោបាយ សក្ដានុពលទីផ្សារ និងការផ្លាស់ប្តូរឧស្សាហកម្មដែលកំពុងបន្ត។


ស្ថាប័ន Goldman Sachs ព្យាករថានៅឆ្នាំ ២០៣០ បញ្ញាសិប្បនិម្មិតអាចរួមចំណែកពី ០,២% ទៅ ០,៣% ជារៀងរាល់ឆ្នាំដល់ កំណើន GDP របស់ប្រទេសចិន។សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុបរទេសជាទូទៅ យល់ស្របថា ការបន្តការគាំទ្រគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នឹងដើរតួជាវិជ្ជមានក្នុងការជំរុញ និងពង្រីកសេដ្ឋកិច្ចរបស់ប្រទេសចិន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025