ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

ប្រទេសរុស្ស៊ីប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីរយៈពេល៣ថ្ងៃជាមួយប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃ៨ឧសភា

 

 

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នមួយសម្រាប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន។ 

 

វិមានគ្រីមឡាំង បានលើកឡើងថា បទឈប់បាញ់ នឹងមានសុពលភាពចាប់ពីព្រឹកថ្ងៃ៨ឧសភា ដល់ថ្ងៃ១១ឧសភា។ នេះជាពេលវេលាមួយដែលស្របទៅ នឹងការអបអរជ័យជម្នះ រំលឹកទៅដល់ការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។ 

 

ជាការឆ្លើយតប, លោកAndrii Sybiha រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមៗមានរយៈពេលយ៉ាងតិច៣០ថ្ងៃ។ 

 

ស្របពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump ដែលព្យាយាមសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែននោះ បាននិយាយថា លោកចង់ឃើញកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍។ យោងសេតវិមាន។ 

 

នៅក្នុងសេចក្តីប្រកាសនៅថ្ងៃច័ន្ទ វិមានគ្រីមឡាំងបានលើកឡើងថា លោកប្រធានាធិបតីPutin ប្រកាសបទឈប់បាញ់ផ្អែកទៅលើការពិចារណាមនុស្សធម៌។ 

 

ការប្រកាសពីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីចុងក្រោយនេះ ធ្វើឡើងអំឡុងពេលដែលសហរដ្ឋអាមេរិក បានចាត់ទុកថា ជាសប្តាហ៍លំបាកបំផុតសម្រាប់កិច្ច ពិភាក្សាសន្តិភាពរុស្ស៊ីនិងអ៊ុយក្រែន និងធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីអាមេរិកTrump បានបង្ហាញការខកចិត្តជាមួយនិងការវាយប្រហារឥតឈប់ របស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ 

 

រុស្ស៊ីបានបើកការវាយប្រហារឈ្លានពានអ៊ុយក្រែនពេញទម្រង់នៅថ្ងៃ២៤កុម្ភៈឆ្នាំ២០២២ ហើយបច្ចុប្បន្នបានគ្រប់គ្រងប្រហែល២០ភាគរយនៃទឹកដីអ៊ុយក្រែន រួមមានទឹកដីគ្រីមៀ ដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីឧបសម្ព័ន្ធរបស់ខ្លួននៅឆ្នាំ២០១៤។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025