ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
បវរកញ្ញាវ័យក្មេងពោរពេញដោយទេពកោសល្យ និងភាពក្លាហាន ហាមមើឡិត វ៉េណេសា ត្រូវបានជ្រើសតាំងជា World Junior Tourism Ambassador Cambodia 2025 ត្រៀមតំណាង កម្ពុជា ទៅប្រកួតកម្មវិធីអន្តរជាតិនៅម៉ាឡេស៊ី អំឡុងខែមិថុនា ខាងមុខនេះ។
នៅទីបំផុតយើងបានរកឃើញម្ចាស់មកុដ World Junior Tourism Ambassador Cambodia 2025 ហើយ គឺបានទៅលើបវរកញ្ញាវ័យក្មេង ហាមមើឡិត វ៉េណេសា ជាកូនកាត់ខ្មែរ-បារាំង អាយុ ៨ឆ្នាំ។ ក្នុងនោះ The Ramp Academy បានរៀបចំពិធីបំពាក់ឈៀង និងបំពាក់មកុដយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី២៦ ខែមេសា កន្លងទៅ អមដោយការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់បុរាណដ៏ប្រណិតរបស់អ្នកច្នៃម៉ូដក្នុងស្រុក រួមទាំងការសម្តែងពិសេសពីសិល្បករល្បីៗផងដែរ។
លោក ម៉ាតសៀវ តាន់ ស្ថាបនិក The RAMP Academy បានប្រាប់ឱ្យដឹងថា នេះជាឆ្នាំទី២ហើយដែល The RAMP Academy ទទួលបានសិទ្ធិបញ្ចូនបវរកញ្ញាវ័យក្មេងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី World Junior Tourism Ambassador នៅប្រទេសម៉ាឡេស៊ី ហើយយើងពិតជាមានមោទនភាពខ្លាំងមែនទែនដែលឆ្នាំមុន បវរកញ្ញាតំណាងកម្ពុជា ថៃ ដារ៉ូត បានបង្កើតប្រវត្តិសាស្ត្រឈ្នះមកុដអន្តរជាតិត្រឡប់មកកម្ពុជាវិញ។
ដោយឡែក សម្រាប់ឆ្នាំនេះ The RAMP Academy សម្រិតសម្រាំងបានបវរកញ្ញាវ័យក្មេងពោរពេញដោយទេពកោសល្យ សមត្ថភាព និងភាពឆ្លាតវ័យ គឺ ហាមមើឡិត វ៉េណេសា ដោយ វ៉េណេសា នឹងតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី World Junior Tourism Ambassador 2025 នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
វាមិនមែនជារឿងចៃដន្យដែល The RAMP Academy សម្រេចជ្រើសរើស ហាមមើឡិត វ៉េណេសា ជាបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិ ប៉ុន្តែ វ៉េណេសា បានហ្វឹកហាត់ត្រៀមខ្លួនរយៈពេល ៣ខែរួចមកហើយ។ លោកជឿជាក់ថា វ៉េណេសា មានសមត្ថភាពខ្ពស់ និងមានសក្កានុពលគ្រប់គ្រាន់សម្រាប់ការតំណាងកម្ពុជាលើឆាកអន្តរជាតិ ហើយលោករំពឹងថា យើងនឹងអាចបំបែកកំណត់ត្រា B2B (Back to Back) សម្រាប់កម្ពុជាយើង។
ក្រឡេកទៅមើល កូនកាត់ខ្មែរ-បារាំង ហាមមើឡិត វ៉េណេសា ឯណោះវិញ បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។ ក្រៅពីហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យខ្លាំងពូកែ បវរកញ្ញាវ័យក្មេងពេញដោយភាពក្លាហានរូបនេះ ក៏ត្រៀមផលិតវីដេអូប្រម៉ូតតំបន់ទេសចរណ៍នៅខេត្តកំពតផងដែរ។
គួររំឮកឱ្យដឹងផងដែរថា កុមារី ហាមមើឡិត វ៉េណេសា ជាកូនកាត់ខ្មែរ-បារាំង ដោយម្តាយជាជនជាតិខ្មែរ ឪពុកជនជាតិបារាំង។ កុមារីឆ្លាតវ័យរូបនេះអាចនិយាយបាន ៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង។
មុនត្រូវជ្រើសតាំងជា World Junior Tourism Ambassador Cambodia 2025 វ៉េណេសា ធ្លាប់ប្រកួតកម្មវិធី Mini Miss Cambodia 2024 ជាលទ្ធផលនាងតូចរូបនេះឈ្នះតំណែង 2nd Runner up ពីការប្រកួតនេះ ធ្វើឱ្យនាងមានបទពិសោធន៍ក្នុងការប្រកួតប្រជែង ជាហេតុធ្វើឱ្យនាងមានភាពជឿជាក់លើខ្លួនឯងថា អាចនឹងដណ្តើមមកុដពីឆាកអន្តរជាតិបាន៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច