ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

ជិត ១០ឆ្នាំក្រោយបង្ហាញមុខលើកដំបូង TWICE នៅតែជោគជ័យលើឆាកអន្តរជាតិ

២៨ មេសា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងស្រីខេប៉ុប TWICE បានបង្ហាញពីឥទ្ធិពលដ៏យូរអង្វែងរបស់ពួកគេនៅឆ្នាំ ២០២៥ តាមរយៈការជាប់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងអាមេរិក Billboard ការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក និងសាមគ្គីក្រុមដ៏រឹងមាំ។

 


ខណៈដែលក្រុមចម្រៀងខេប៉ុបភាគច្រើនមិនអាចបន្តដំណើរបានលើសរយៈពេល ៧ឆ្នាំ ពោលគឺបន្ទាប់ពីផុតកុងត្រាដំបូងជាមួយក្រុមហ៊ុន ប៉ុន្តែសម្រាប់ក្រុមចម្រៀងនារី TWICE គឺមិនដូច្នោះឡើយ។គិតត្រឹមឆ្នាំ ២០២៥ ជិតមួយទសវត្សរ៍បន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្រុមចម្រៀងស្រីដែលមានសមាជិក ៩នាក់មួយនេះ នៅតែបន្តរីកចម្រើន ហាក់ដូចបង្ហាញថាយុគមាសរបស់ពួកគេមិនទាន់បញ្ចប់ងាយៗនោះទេ។

 

 

ជាក់ស្ដែង មីនីអាល់ប៊ុមទី ១៤ របស់ពួកគេមានចំណងជើងថា “Strategy” ដែលបានចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៤ បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ ៤ នៅលើតារាង Billboard 200 និងក្លាយជាអាល់ប៊ុមទី ៦ ជាប់ៗគ្នារបស់ពួកគេដែលអាចជាប់ចំណាត់ថ្នាក់ Top Ten ក្នុងតារាងនេះ។លើសពីនេះ ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក "Ready to Be" ដែលបានបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៤ និងមានការសម្ដែងសរុប ៥១ ឆាកនៅទូទាំងទ្វីបចំនួន ៥ អាចទាក់ទាញអ្នកចូលទស្សនាចំនួន ១.៥ លាននាក់ និងរកចំណូលបានជាង ៧៨ លានដុល្លារ។

 

 

ការប្រគំតន្ត្រីនេះដែរ ក៏បានធ្វើឱ្យពួកគេអាចបង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលលក់សំបុត្រដាច់អស់សម្រាប់ការសម្ដែងនៅពហុកីឡដ្ឋានធំៗដូចជានៅទីក្រុង Los Angeles ទីក្រុង New York និងទីក្រុង Melbourne។ ចុងក្រោយថ្មីៗនេះ ពួកគេក៏បានចូលរួមសម្ដែងជាមួយក្រុម Coldplay ក្នុងនាមភ្ញៀវពិសេសក្នុងកំឡុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ក្រុមចម្រៀងអង់គ្លេសមួយនេះនៅទីក្រុងសេអ៊ូល ជាការពង្រឹងឥទ្ធិពលកាន់តែទូលំទូលាយទៀតរបស់ពួកគេលើឆាកអន្តរជាតិ។

 


ចំណែក ឥទ្ធិពលរបស់ពួកគេនៅក្នុងប្រទេសជប៉ុនគឺនៅតែមិនអាចប្រៀបផ្ទឹមបាន។ ការស្ទង់មតិប្រចាំឆ្នាំ ២០២៤ បានបង្ហាញថា TWICE ជាក្រុម K-pop ពេញនិយមបំផុតក្នុងចំណោមយុវវ័យជប៉ុន។ 

 


ចាប់តាំងពីបង្ហាញខ្លួនក្នុងខែតុលា ឆ្នាំ ២០១៥ ក្រុមចម្រៀងស្រីរបស់ផលិតកម្ម JYP មួយនេះបានបង្កើតសមិទ្ធិផល គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀតអាចលក់អាល់ប៊ុមបានជាង ១០ លានបន្ទះនៅទូទាំងប្រទេសកូរ៉េ និងជប៉ុន មាន MV ដែលទទួលបានការចូលទស្សនាលើស ១០០ លាន view ច្រើនជាង ២០បទ និងការសម្ដែងខ្នាតធំក្នុងពហុកីឡដ្ឋានជាច្រើននៅអាមេរិកខាងជើង ដែលជាសមិទ្ធិផលមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមចម្រៀងនារី K-pop ៕

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025