ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

តារាសម្ដែង Demi Moore ជាប់ជាកំពូលសម្រស់លើពិភពលោកសម្រាប់ឆ្នាំ២០២៥

២៣ មេសា ២០២៥ | កម្សាន្ដ

 


តារាសម្ដែងអាមេរិក Demi Moore (ដឺមី ម័រ) ដែលមួយរយៈចុងក្រោយបានទទួលភាពល្បីល្បាញខ្លាំងតាមរយៈភាពយន្ត “The Substance” ថ្មីៗនេះត្រូវបានទស្សនាវដ្ដី People ដាក់ឈ្មោះថាជាស្រីស្អាតជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៥។

 


ក្នុងវ័យ ៦២ ឆ្នាំ តារាសម្ដែង Moore ថ្មីៗនេះបានបង្ហាញស្នាដៃសម្តែងកម្រិតពានរង្វាន់នៅក្នុងខ្សែភាពយន្តរន្ធត់បែបវិទ្យាសាស្ត្រ "The Substance" ដោយក្នុងរឿងនោះអ្នកស្រីបានសម្ដែងជាគ្រូហាត់ប្រាណវ័យចំណាស់ម្នាក់ដែលបានប្រើប្រាស់សេវាចាក់ថ្នាំក្នុងទីផ្សារងងឹតដើម្បីប្រែខ្លួនឱ្យក្មេងជាងវ័យ។

 

 


ក្នុងបទសម្ភាសជាមួយទស្សនាវដ្ដី People តារាសម្ដែងជើងចាស់រូបនេះបាននិយាយថាខ្លួនពិតជាសប្បាយចិត្តខ្លាំងដែលបានទទួលបានពានរង្វាន់កំពូលសម្រស់ប្រចាំឆ្នាំរបស់ទស្សនាវដ្ដីនេះ ព្រមទាំងបានឆ្លុះបញ្ចាំងពីដំណើរឆ្លងកាត់ឧបសគ្គ និងភាពសប្បាយរីករាយក្នុងជីវិត រួមទាំងភាពជាម្តាយ និងអាជីពសម្តែងរបស់អ្នកស្រីផងដែរ។

 

 


ទោះបីជាមិនបានឈ្នះពានរង្វាន់ Oscar ក៏ដោយ ប៉ុន្តែភាពយន្ត “The Substance” បានធ្វើឱ្យអ្នកស្រីដណ្ដើមបានពានរង្វាន់ពីកម្មវិធីធំៗផ្សេងៗជាច្រើនជាលើកដំបូងក្នុងជីវិតដូចជាកម្មវិធី Golden Globe និង Screen Actors Guild ដែលធ្វើឱ្យអ្នកស្រីកាន់តែមានភាពជឿជាក់ថាអាយុមិនមែនជាកត្តាកំណត់ភាពជោគជ័យនោះឡើយ។ បទសម្ភាសជាច្រើនទៀតរបស់អ្នកស្រីនឹងត្រូវលាតត្រដាងក្នុងលេខថ្មីរបស់ទស្សនាវដ្ដី People ដែលចេញផ្សាយនៅថ្ងៃទី ២៥ ខែមេសានេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025