ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
សមាជិក ២ រូបរបស់ក្រុមចម្រៀងនារីខេប៉ុប Red Velvet គឺ Irene (អាយរីន) និង Seulgi (ស៊ឺលជី) បានបញ្ជាក់ថាពួកគេនឹងធ្វើការត្រលប់មកឆាកតន្ត្រីជាមួយបទថ្មីរួមគ្នា ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។
នៅថ្ងៃទី ១១ ខែមេសានេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ជាផ្លូវការថា Irene និង Seulgi កំពុងរៀបចំចេញអាល់ប៊ុមខ្នាតតូចថ្មីមួយដោយមានគោលដៅចេញផ្សាយនៅក្នុងខែឧសភា និងបានស្នើសូមអ្នកគាំទ្រទន្ទឹងរង់ចាំការវិលត្រលប់ដ៏ពិសេសជាថ្មីរបស់ពួកគេ។
គួរកត់សម្គាល់ថាការវិលត្រលប់នាពេលខាងមុខរបស់ Irene & Seulgi នឹងជាការវិលត្រលប់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជិត ៥ ឆ្នាំ បន្ទាប់ពីតារាស្រីទាំងពីរធ្លាប់បានចេញចម្រៀងរួមគ្នាតែ ២ នាក់លើកដំបូងជាមួយបទ "Monster" កាលពីខែកក្កដា ឆ្នាំ ២០២០ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅពេលនោះ។
បង្ហាញមុខដំបូងកាលពីឆ្នាំ២០១៤ ក្រោមស្លាកផលិតកម្ម SM Entertainment ក្រុមចម្រៀង Red Velvet មានសមាជិកសរុបចំនួន ៥នាក់ ដោយក្រៅពី Irene និង Seulgi សមាជិក ៣ រូបទៀតរួមមាន Yeri, Wendy និង Joy។
កាលពីថ្ងៃទី៤ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសថា Wendy និង Yeri បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយខ្លួននោះទេ បន្ទាប់ពីកុងត្រាចាស់ផុតកំណត់ ដូច្នេះសកម្មភាពការងារទោលរបស់ពួកគេនឹងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ SM ទៀតនោះទេ។ ទោះយ៉ាងណា ពួកគេនឹងនៅតែបន្តការងារជាមួយក្រុម Red Velvet ដដែល ៕
ប្រែសម្រួល៖ វ៉ាន់ថន