ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
តារាសម្តែងអាមេរិក Tom Cruise បានរំឭក និងគោរពវិញ្ញាណក្ខន្ធចំពោះតារាសម្ដែងជើងចាស់លោក Val Kilmer ដែលជាដៃគូសម្ដែងរួមគ្នាក្នុងស៊េរីភាពយន្ត "Top Gun" ដោយចងចាំលោកថាជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់ដែលមានបេះដូងស្នេហាវិស័យភាពយន្ត។
បានបង្ហាញខ្លួននៅឯព្រឹត្តិការណ៍សន្និបាតភាពយន្តហូលីវូដ CinemaCon ដែលប្រាព្ធឡើងនៅទីក្រុង Las Vegas កាលពីថ្ងៃទី៣ ខែមេសា តារាសម្ដែងភាពយន្តបាញ់បោះ Tom Cruise បានឆ្លៀតពេលរំឭកពី "មិត្តជាទីស្រឡាញ់" របស់លោកគឺតារាសម្ដែង Val Kilmer ដែលទើបតែទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១ ខែមេសា មុននេះក្នុងវ័យ ៦៥ ឆ្នាំ។
តារាវ័យ ៦២ ឆ្នាំ Tom Cruise បាននិយាយថា លោកមិនអាចរកពាក្យអ្វីមកបរិយាយបានទេចំពោះអារម្មណ៍ដែលកោតសរសើរចំពោះស្នាដៃរបស់ Val Kilmer ក៏ដូចជាអារម្មណ៍ដឹងគុណ និងមានកិត្តិយសដែលបានចូលរួមសម្ដែងជាមួយគ្នាក្នុងភាពយន្ត 'Top Gun' និង 'Top Gun: Maverick'។ បន្ទាប់ពីនោះ លោក Tom Cruise ក៏បានស្នើសុំឱ្យទស្សនិកជនក្នុងកម្មវិធី CinemaCon រក្សាភាពស្ងៀមស្ងាត់មួយភ្លែត ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់លោក Kilmer។
សូមរំឭកថា ក្នុងខ្សែភាពយន្ត "Top Gun" ដើមដែលចេញក្នុងឆ្នាំ១៩៨៦ លោក Val Kilmer បានដើរតួជាអ្នកបើកយន្តហោះចម្បាំង Tom "Iceman" ដែលជាគូប្រជែងនឹងតួអង្គរបស់ Tom Cruise គឺអនុសេនីយ៍ឯក Pete Mitchell ។
ក្នុងឆ្នាំ ២០២២ លោក Kilmer បានវិលត្រលប់មកសម្ដែងតួអង្គរបស់ខ្លួនឡើងវិញក្នុងរឿង "Top Gun: Maverick" ខណៈពេលដែលលោកស្ទើរតែមិនអាចនិយាយបាន បន្ទាប់ពីតស៊ូនឹងជំងឺមហារីកបំពង់កអស់រយៈពេលជាច្រើនឆ្នាំ។
គួរបញ្ជាក់ថា Tom Cruise បានចូលរួមកម្មវិធី CinemaCon ដើម្បីផ្សព្វផ្សាយ ភាពយន្ត Mission: Impossible វគ្គថ្មីមួយទៀតមានចំណងជើងថា The Final Reckoning ដែលនឹងចេញបញ្ចាំងនៅខែឧសភាខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន