ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
តារាចម្រៀងស្រីល្បីៗនៅអាមេរិករួមទាំងតារាខេប៉ុបដូចជាក្រុម aespa និង Jennie បានទទួលពានរង្វាន់ក្នុងកម្មវិធី “ស្ត្រីក្នុងវិស័យចម្រៀង” ប្រចាំឆ្នាំ ២០២៥ របស់ Billboard ដែល រៀបចំឡើងកាលពីពេលថ្មីៗ នៅមហោស្រព Youtube ទីក្រុង California សហរដ្ឋអាមេរិក។
Jennie សមាជិកក្រុម Blackpink បានក្លាយជាសិល្បករទោល K-pop ដំបូងគេដែលទទួលបានពានរង្វាន់នៅឯកម្មវិធី Billboard Women in Music Awards ដោយពានរង្វាន់ដែលនាងទទួលបាននោះគឺពានរង្វាន់ Global Force ។
គួរបញ្ជាក់ថា ពានរង្វាន់ Billboard Women in Music Awards ត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់សិល្បករស្រីឆ្នើម ព្រមទាំងអ្នកនិពន្ធ អ្នកផលិត និងនាយកប្រតិបត្តិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្មតន្ត្រីក្នុងមួយឆ្នាំកន្លងទៅ។
តារាចម្រៀងស្រីល្បីៗនៅអាមេរិករួមទាំងក្រុម aespa និង Jennie បានចូលរួមកម្មវិធីនេះដែលរៀបចំឡើងកាលពីចុងសប្ដាហ៍ នៅមហោស្រព Youtube ទីក្រុង California សហរដ្ឋអាមេ រិក។
មុនដល់ថ្ងៃប្រគល់ពានរង្វាន់ Billboard បានប្រកាសថា Jennie គឺជាសិល្បករដែលទទួលបានការចាប់អារម្មណ៍ជាសកល ខណៈអាល់ប៊ុមទោលពេញលេញដំបូងរបស់នាងមានចំណងជើងថា "Ruby" ដែលចេញផ្សាយនាដើមឆ្នាំនេះ បានបង្កើតកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍ ដោយបានជាប់ក្នុងតារាងអាល់ប៊ុម Billboard 200 រយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ហើយបទចម្រៀងនាំមុខក្នុងអាល់ប៊ុមគឺបទ "Like JENNIE" ក៏បានជាប់ក្នុងចំណាត់ថ្នាក់ Top Ten ទាំងនៅលើតារាង Global Exclusive US និងតារាង Global 200 រយៈពេលពីរសប្តាហ៍ជាប់គ្នាដែរ។
ទន្ទឹមនឹងនេះ ក្នុងកម្មវិធីដដែលនេះ ក្រុមចម្រៀងនារី K-pop aespa បានទទួលពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ Group of the Year និងបានសម្ដែងបទ “Whiplash” ជាភាសាអង់គ្លេស។
អ្នកឈ្នះពានរង្វាន់ផ្សេងទៀតរួមមានអ្នកនិពន្ធចម្រៀងអាមេរិក Erykah Badu បានឈ្នះពានរង្វាន់ Icon Award តារារ៉េបអាមេរិក GloRilla បានឈ្នះពានរង្វាន់ Powerhouse Award តារាចម្រៀងនិងអ្នកនិពន្ធចម្រៀងអាមេរិក Megan Trainor បានឈ្នះពានរង្វាន់ Hitmaker Award និងតារាចម្រៀងអាហ្វ្រិកខាងត្បូង Tyla បានឈ្នះពានរង្វាន់ Impact Award ៕
ប្រែសម្រួល៖ វ៉ាន់ថន