ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥
ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី១០ ខែមេសា ថា ខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដភ្លាមៗ ជាការសងសឹកចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតី Donald Trump លើទំនិញនាំចូលរបស់ចិន។
បន្ទាប់ពីរយៈពេលបីទសវត្សរ៍ដែលប្រទេសចិនបាននាំចូលភាពយន្តហូលីវូដចំនួន ១០ ជារៀងរាល់ឆ្នាំ ឥឡូវនេះរដ្ឋបាលភាពយន្តចិនបាននិយាយថា ការដំឡើងពន្ធរបស់លោក Trump លើការនាំចូលទំនិញរបស់ចិននឹងធ្វើឱ្យស្ថានភាពភាពយន្តអាមេរិកនៅក្នុងប្រទេសចិនកាន់តែជូរចត់ បន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ ព្រមទាំងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ពួកគេនឹងអនុវត្តតាមច្បាប់ទីផ្សារ ស្របពេលគោរពជម្រើសរបស់អ្នកទស្សនា និងកាត់បន្ថយកម្រិតនាំចូលខ្សែភាពយន្តអាមេរិក។
ពាក់ព័ន្ធបញ្ហានេះ ផលិតករភាពយន្តអាមេរិក លោក Chris Fenton បាននិយាយថា វិធានការនេះគឺជាការសងសឹកដ៏ឆ្លាតវៃ ដែលស្ទើរតែមិនបង្កផលប៉ះពាល់អ្វីឡើយសម្រាប់ប្រទេសចិន ប៉ុន្តែនឹងជាការដាក់ទណ្ឌកម្មកាន់តែធ្ងន់សម្រាប់ផលិតករកុនអាមេរិក។
លោក Fenton បន្ថែមថាបច្ចុប្បន្ន ភាពយន្តរបស់អាមេរិកមានចំណែកត្រឹមតែ ៥% ប៉ុណ្ណោះនៃប្រាក់ចំណូលពីការលក់សំបុត្រកុនសរុបនៅក្នុងទីផ្សារប្រទេសចិន ហើយអ្វីដែលកាន់តែអាក្រក់សម្រាប់ហូលីវូដនោះគឺ ប្រទេសចិនបានយកពន្ធចំនួន ៥០% មុនពេលប្រាក់ចំណូលត្រឡប់ទាំងឡាយអាចទៅសហរដ្ឋអាមេរិកវិញ។
ដូច្នេះបន្ទាប់ពីបែងចែកជាមួយរោងកុន ផលិតកម្មហូលីវូដអាចទទួលបានតែ ២៥% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុបដែលរកបានពីប្រទេសចិន ខណៈដែលនៅប្រទេសផ្សេងទៀតពួកគេអាចទទួលបានច្រើនជាងនេះទ្វេដង។
យោងតាមសារព័ត៌មាន Variety ផលិតកម្មហូលីវូដជាច្រើនធ្លាប់បានសម្លឹងមើលទៅប្រទេសចិន ជាទីផ្សារភាពយន្តដ៏ធំរបស់ខ្លួន ដើម្បីជួយជំរុញប្រាក់ចំណូលសំបុត្រកុន ឬ Box Office ប៉ុន្តែពេលនេះ ខ្សែភាពយន្តក្នុងស្រុករបស់ចិនមានសន្ទុះកាន់តែខ្លាំងនិងវ៉ាដាច់ភាពយន្តហូលីវូដបាត់ទៅហើយនៅក្នុងប្រទេសចិន។
ជាក់ស្ដែងភាពយន្តគំនូរជីវចល "Ne Zha 2" នៅឆ្នាំនេះបានបំបែកកំណត់ត្រារឿង "Inside Out 2" របស់ស្ទូឌីយោហូលីវូដ Pixar ក្លាយជាភាពយន្តគំនូរជីវចលដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក បន្ទាប់ពីអាមេរិកខាងជើង។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារវិស័យភាពយន្តក្នុងស្រុកមានការរីកចម្រើន ភាពសាទររបស់ទស្សនិកជនចិនចំពោះភាពយន្តហូលីវូដក៏បានថយចុះ។
នៅក្នុងបញ្ជីភាពយន្តរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅចិន ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ២០ មានភាពយន្តមួយតែរឿងប៉ុណ្ណោះជាភាពយន្តនាំចូល នោះគឺ "Avengers: Endgame" ដែលអាចរកប្រាក់ចំណូលបានជិត ៥៨០ លានដុល្លារក្នុងប្រទេសចិន ខណៈភាពយន្តផ្សេងទៀតសុទ្ធតែជាផលិតកម្មក្នុងស្រុក ៕
ប្រែសម្រួល៖ វ៉ាន់ថន