ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

G-Dragon នឹងក្លាយជាសិល្បករកូរ៉េដំបូងគេដែលចេញចម្រៀងនិង MV នៅទីអវកាស

១០ មេសា ២០២៥ | កម្សាន្ដ

 

កំពូលតារាចម្រៀងរ៉េបខេប៉ុប G-Dragon នឹងក្លាយជាសិល្បករកូរ៉េដំបូងគេដែលនឹងចេញបទចម្រៀងនិង MV នៅទីអវកាស បន្ទាប់ពីក្រុមចម្រៀងអង់គ្លេស The Beatles។តារាចម្រៀងកូរ៉េ G-Dragon គ្រោងនឹងបង្កើតប្រវត្តិសាស្ត្រដំបូងសម្រាប់សិល្បករកូរ៉េ តាមរយៈការបញ្ជូនតន្ត្រីនិងវីដេអូចម្រៀងថ្មីរបស់ខ្លួនទៅកាន់ទីអវកាស។

 


យោងតាមក្រុមហ៊ុន Galaxy Corporation ដែលជាទីភ្នាក់ងាររបស់តារារូបនេះបានឱ្យដឹងកាលបីថ្ងៃទី ៩ ខែមេសា ថា G-Dragon បានសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េហៅកាត់ KAIST ដើម្បីចាប់ផ្តើមគម្រោងនេះដោយប្រើសេវាកម្មបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ Sora របស់ក្រុមហ៊ុន Azure OpenAI ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Microsoft ។

 


តារាចម្រៀង G-Dragon ដែលមានតួនាទីជាសាស្ត្រាចារ្យកិត្តិយសមួយរូបដែរនៅក្នុងនាយកដ្ឋានវិស្វកម្មមេកានិករបស់វិទ្យស្ថាន KAIST បាននិយាយថា លោកមានបំណងធ្វើការផ្សាភ្ជាប់រវាងពិភពនៃវិទ្យាសាស្ត្រអវកាស ពិភពបញ្ញាសិប្បនិម្មិត និងវិស័យសិល្បៈ។ ទីភ្នាក់ងាររបស់លោកបានពណ៌នាគម្រោងនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អនាគតនៃ 'បច្ចេកវិទ្យាសិល្បៈ' ។

 


ព្រឹត្តិការណ៍បញ្ជូនចម្រៀងទៅកាន់ទីអវកាសនេះត្រូវបានគេកំណត់ពេលវេលានៅម៉ោង ៨ យប់ ថ្ងៃទី៩ ខែមេសា នៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាផ្កាយរណបរបស់វិទ្យាស្ថាន KAIST ។ គម្រោងនេះដែរក៏ត្រូវបានភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើមស្រាវជ្រាវភាពវៃឆ្លាតក្នុងទីអវកាសហៅកាត់ SETI របស់អង្គការ NASA ផងឌេរ។

 


មុនគម្រោងរបស់ G-Dragon កន្លងមកគំនិតផ្ដួចផ្ដើម SETI ក៏បានបញ្ជូនតន្ត្រីពីក្រុមតន្រ្តីរ៉ុកអង់គ្លេស The Beatles ទៅកាន់លំហអវកាសផងដែរ ខណៈ G-Dragon ក្លាយជាសិល្បករកូរ៉េដំបូងគេដែលបានចូលរួមក្នុងគម្រោងដ៏ទំនើបនេះ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025