ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

តារាសម្ដែងល្បីៗចូលរួមសម្ពោធភាពយន្តធំថ្មីរបស់ Marvel រឿង “Thunderbolts”

២៣ មេសា ២០២៥ | កម្សាន្ដ

 

តារាសម្ដែងហូលីវូដល្បីៗដូចជា Florence Pugh និង David Harbor ព្រមទាំងនាយកក្រុមហ៊ុន Marvel Studios បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃកម្មវិធីសម្ពោធបញ្ចាំងភាពយន្ត "Thunderbolts*" ក្នុងទីក្រុងឡុងដ៍។

 


តារាសម្ដែងក្នុងភាពយន្ត Superhero ថ្មី "Thunderbolts*" រួមមានតារាស្រី Florence Pugh (ហ្វ្លរ៉ឹនស៍ ព្យូ) និងតារាប្រុស David Harbor (ដេវីត ហាប៊ើ) ព្រមទាំងនាយកក្រុមហ៊ុន Marvel Studios លោក Kevin Feige (ខេវិន ហ្វីច) បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃកម្មវិធីសម្ពោធបញ្ចាំងភាពយន្តនេះក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ ទី២២ ខែមេសា។

 


ផលិតឡើងដោយផ្អែកតាមសៀវភៅ Comics របស់ Marvels ភាពយន្ត "Thunderbolts*" មានសាច់រឿងនិយាយពី anti-hero ឬក្រុមប្រឆាំងនឹងពួក Superhero ដែលត្រូវបានបង្ខំឱ្យចូលរួមជាមួយកងកម្លាំងផ្សេងៗដើម្បីបេសកកម្មដ៏គ្រោះថ្នាក់មួយដែលធ្វើឱ្យពួកគេត្រូវប្រឈមមុខនឹងអតីតកាលរបស់ខ្លួន។

 


នៅក្នុងភាពយន្តនេះដែរ តារាសម្ដែង Pugh និង Harbor នឹងវិលត្រលប់មកសម្ដែងតួអង្គរបស់ពួកគេជាក្រុម "Black Widow" ជាថ្មី ខណៈតារាស្រីជើងចាស់ Julia Louis-Dreyfus (ជូលៀ លូអ៊ីស ដ្រាយហ្វឺស) ក៏បានត្រលប់មកសម្ដែងជាតួ Valentina Allegra ដែលជាអ្នករៀបចំអន្ទាក់មរណៈសម្រាប់ក្រុម Thunderbolts ដូចគ្នា។ 

 


ជាស្នាដៃដឹកនាំរបស់ផលិតករ Jake Schreier (ជេក ស្ក្រាយអ៊ើ) និងសហការនិពន្ធអត្ថបទភាពយន្តដោយលោក Eric Pearson និងអ្នកនាង Joanna Calo ភាពយន្តនេះធ្លាប់ត្រូវបានពន្យារពេលចាក់បញ្ចាំងដល់ទៅពីរលើក ដោយសារការធ្វើកូដកម្មនៅហូលីវូដ។

 


ទោះយ៉ាងណា ឥឡូវនេះការទន្ទឹងរង់ចាំរបស់បណ្ដាអ្នកគាំទ្របានបញ្ចប់ហើយដោយភាពយន្ត "Thunderbolts*" នឹងចាប់ផ្តើមចាក់បញ្ចាំងទូទាំងសាកលលោកនៅថ្ងៃទី ៣០ ខែមេសានេះ ៕

 


 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025