ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
តារាចម្រៀងប៉ុបអាមេរិក Katy Perry ត្រូវបានរំពឹងថានឹងទៅសម្ដែងនៅប្រទេសចិនក្នុងខែវិច្ឆិកាខាងមុខ។ ការប្រគំតន្ត្រីនេះនឹងជាការសម្ដែងនៅចិនដីគោកលើកដំបូងរបស់តារាស្រីវ័យ ៤០ឆ្នាំរូបនេះក្រោយរយៈពេលជាច្រើនឆ្នាំដែលនាងត្រូវបានប្រទេសចិនបដិសេធមិនផ្ដល់ទិដ្ឋាការ ដោយសារមានព័ត៌មានចម្រូងចម្រាសថានាងគាំទ្រចលនាឯករាជ្យតៃវ៉ាន់។
បន្ទាប់ពីបានលេចមុខលើគ្រប់សារព័ត៌មានកាលពីដើមខែនេះនៅពេលធ្វើដំណើរទៅកាន់ទីអវកាស នៅពេលនេះ Katy Perry មានគម្រោងនឹងរៀបចំការប្រគំតន្ត្រីចំនួនពីរនៅក្នុងកីឡដ្ឋានមានទំហំផ្ទុក ១៨០០០ កៅអី ក្នុងទីក្រុង Hangzhou (ហាងចូវ) នៅថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា។ នេះបើយោងតាមការជូនដំណឹងពីការិយាល័យវប្បធម៌និងទេសចរណ៍ខេត្ត Zhejiang (ជេជាំង)។
ការប្រគំតន្ត្រីនេះនឹងកើតឡើងរយៈពេល ៨ ឆ្នាំបន្ទាប់ពី ម្ចាស់បទ “Roar” រូបនេះត្រូវបាន បដិសេធមិនឱ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Victoria's Secret នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ ២០១៧។
នៅពេលនោះ ទីក្រុងប៉េកាំងមិនបានបញ្ជាក់មូលហេតុពីក្រោយការបដិសេធទិដ្ឋាការរបស់នាងនោះទេ ប៉ុន្តែសារព័ត៌មានអាមេរិក Page Six បានរាយការណ៍ថា Perry ត្រូវបានហាមឃាត់មិនឱ្យទៅសម្តែងនៅចិនដីគោក ដោយសារតែភាពចម្រូងចម្រាសកើតឡើងក្នុងការប្រគំតន្ត្រីរបស់នាងនៅតៃវ៉ាន់កាលពីឆ្នាំ ២០១៥។
គេនៅចាំបានថាក្នុងកំលុងពេលសម្តែងនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តារាចម្រៀងប៉ុបរូបនេះបានស្លៀករ៉ូបម៉ូដផ្កាឈូករ័ត្ន ខណៈផ្កានេះគឺជានិមិត្តសញ្ញានៃចលនានិស្សិតដែលប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងចិនដីគោក។
Katy Perry បានសម្ដែងនៅក្នុងប្រទេសចិន លើកដំបូងនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១៤ ។ នៅឆ្នាំបន្ទាប់ នាងបានត្រឡប់មកវិញ ហើយបានធ្វើការប្រគំតន្ត្រីចំនួនបីថ្ងៃ ដោយពីរថ្ងៃនៅទីក្រុងសៀងហៃ និងមួយថ្ងៃទៀតនៅទីក្រុងក្វាងចូវ ៕
ប្រែសម្រួល៖ វ៉ាន់ថន