ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

BEAST បញ្ចេញបទថ្មីដោយប្រើឈ្មោះដើមលើកដំបូង ក្រោយរយៈពេល ៩ឆ្នាំ

២៩ មេសា ២០២៥ | កម្សាន្ដ

 

រយៈពេលជិត ២ ទសវត្សរ៍បន្ទាប់ពីបង្ហាញមុខដំបូង ក្រុមចម្រៀងប្រុស Hightlight នៅតែមានអ្វីឱ្យអ្នកគាំទ្របានភ្ញាក់ផ្អើលឥតឈប់ឈរ ហើយថ្មីៗនេះពួកគេបានទទួលសិទ្ធិប្រើប្រាស់ឈ្មោះដើមថា Beast វិញជាថ្មី និងបានបញ្ចេញអាល់ប៊ុមថ្មីមួយផងដែរ។ក្រុមចម្រៀងខេប៉ុប Hightlight ទើបតែមានសិទ្ធិប្រើប្រាស់ឈ្មោះដើមរបស់ពួកគេគឺ Beast ម្ដងទៀត បន្ទាប់ពីត្រូវប្រើឈ្មោះ Hightlight រយៈពេល ៩ឆ្នាំដោយសារបញ្ហាកម្មសិទ្ធិបញ្ញា។

 


ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែមេសា អាល់ប៊ុមថ្មីមានចំណងជើងថា “From Real to Surreal” បានក្លាយជាអាល់ប៊ុមដំបូងក្នុងរយៈពេល ៩ឆ្នាំដែលក្រុមចម្រៀងមានសមាជិក ៤ នាក់មួយនេះបានចេញក្រោមឈ្មោះថា Beast ដែលជាឈ្មោះដើមរបស់ពួកគេពេលបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ២០០៩។ អាល់ប៊ុមនេះដែរបានចេញផ្សាយរយៈពេលប្រហែលមួយឆ្នាំបន្ទាប់ពីអាល់ប៊ុម “Switch On” និងជាអាល់ប៊ុមចម្រៀងទី២០ ក្នុងអាជីពរបស់ពួកគេ។

 


ផ្ដោតទៅលើការសន្យារបស់សមាជិកក្រុមក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រទាំងក្នុងពិភពពិត និងពិភពស្រមើស្រមៃ អាល់ប៊ុមខ្នាតតូចថ្មីនេះមានបទចម្រៀងសរុបចំនួន ៤ បទរួមមានបទ “Chains” ជាបទនាំមុខ និងបទផ្សេងទៀតដូចជា “Endless Ending”, “Good Day to You” និង “Follow Me”។

 


បង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ដើមឡើយក្រុមចម្រៀងមួយនេះមានសមាជិកសរុប ៦ នាក់ និងមានឈ្មោះថា Beast ប៉ុន្តែបន្ទាប់ពីចែកផ្លូវជាមួយក្រុមហ៊ុន Cube Entertainment ក្នុងឆ្នាំ២០១៧ ពួកគេក៏លែងមានសិទ្ធិប្រើឈ្មោះចាស់របស់ខ្លួន។

 

 

ក្រោយមកសមាជិកក្រុមបានរួមគ្នាបង្កើតក្រុមហ៊ុនថ្មីផ្ទាល់ខ្លួនមានឈ្មោះថា Around Us Entertainment និងចាប់ផ្ដើមសកម្មភាពថ្មីដោយប្រើឈ្មោះ Hightlight។ នៅឆ្នាំ២០១៦ មុនពួកគេចាប់ផ្ដើមក្រុមហ៊ុននិងឈ្មោះថ្មីនេះ អតីតសមាជិក Hyun-seung បានចាកចេញពីក្រុម ហើយនៅឆ្នាំ២០១៩ សមាជិក Jun-hyung ក៏បានចាកចេញពីក្រុមម្នាក់ទៀត បន្ទាប់ពីមានឈ្មោះពាក់ព័ន្ធក្នុងរឿងអាស្រូវក្លឹប Burning Sun ។

 


រហូតដល់ខែមេសា ឆ្នាំមុន ទើបសមាជិកបួននាក់ដែលនៅសល់រួមមាន  Doojoon, Yoseob, Gikwang និង Dongwoon បានឈានដល់កិច្ចព្រមព្រៀងជាមួយ Cube Entertainment ដើម្បីប្រើប្រាស់ឈ្មោះ Beast ម្ដងទៀត ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025