ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
អ្នកនិពន្ធ និងតារាសម្តែងរូបសង្ហាល្បីឈ្មោះរបស់ហុងកុងជាច្រើនរូប បានលេចមុខក្នុងព្រឹត្តិការណ៍ « Hong Kong Film Gala Presentation » កាលពីពេលថ្មីៗដើម្បីចែករំលែកបទពិសោធថ្មីៗរបស់ខ្លួនទៅកាន់អ្នកនិពន្ធ និងតារាសម្តែងនៅក្នុងប្រទេស កម្ពុជា ។
លោក វ៉ាន់ ពីន ឈូ (Wan Pin Chu) គឺជាអ្នកនិពន្ធចម្រៀង សម្រាប់រឿងដែលបានចាក់បញ្ចាំងនៅក្នុងបទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង រឿង ឌឹ ឡាស់ ដេន (The Last Dance) ។ ជាពិសេសលោកគឺជាអ្នកនិពន្ធបទចម្រៀងដ៏ល្បី រឿង ណាចា វគ្គ 2 ។
ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះកន្លងមកនេះលោក វ៉ាន់ ពីនឈូ ក៏បញ្ចេញស្នាដៃលេងឧបករណ៍តន្រ្តីដោយផ្ទាល់ចែកចាយជូនប្រជាជនកម្ពុជា ស្តាប់កម្សាន្តផងដែរ ។ លោក វ៉ាន់ ពីឈូ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជារីករាយណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ភាពយន្តហុងកុងនៅក្នុងឆ្នាំនេះ លោកសង្ឃឹមថា នឹងមានឱកាសបានមកប្រទេស កម្ពុជា ជាថ្មីម្តងទៀត ។
ដោយឡែកអ្នកស្រី រៃ លី (Riley YIP) ដែលជាអ្នកដឹកនាំរឿងប្រភេទរឿងដ្រាម៉ា យុវជនទាន់សម័យ ក៏បានចែករំលែកនូវបទពិសោធរបស់ខ្លួនផងដែរដែរថា ការផលិតភាពយន្តពិតជាជួបនូវការលំបាកនិងឧបសគ្គជាច្រើន ប៉ុន្តែដើម្បីទទួលបានភាពយន្តល្អមួយទាំងអ្នកស្រីនិងក្រុមការងារបានប្រឹងប្រែងតស៊ូធ្វើការជាមួយគ្នាទើបការងារទាំងអស់ទទួលបានលទ្ធផលល្អ ។
លោក អាដាម (Adam Pak) ដែលជាតារាសម្តែងនៅក្នុងរឿង « ប៊្លូស៊ុម អាន់ឌឺ សាំវែ ( Blossom Under Somewhere ) បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជារីករាយណាស់ដែល ភាពយន្តរបស់លោកមានប្រជាជនកម្ពុជាច្រើនគាំទ្រនិងស្រឡាញ់ស្នាដៃលោក បើទោះបីជាលើកទី១ដែលលោកមកប្រទេសកម្ពុជាក្តី ។
ក្រឡេកមកមើលតារាសម្តែងលោក ម៉ាក និងលោក ស៊ីង ក្នុងរឿង « Stunt Man »វិញក៏មិនធម្មតាដែរ អ្នកទាំងពីរគឺជាតួនៅក្នុងប្រភេទរឿង វាយតប់ បញ្ចេញនូវក្បាច់កុនដ៏អស្ចារ្យ ។ អ្នកទាំងពីរបាននិយាយថា ការថតរឿងបែបវាតតប់គឺពិតជាលំបាកណាស់ ប៉ុន្តែសម្រាប់តារាសម្តែងអាជីពដូចជាពួកគេ គេលំបាកទាំងនោះមិនជាបញ្ហាទេ ទោះបីជាត្រូវរបួសខ្លះ តែពួកគេនៅតែប្រឹងប្រែងសម្តែងឱ្យបានល្អទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន ។
ព្រឹត្តិការណ៍ « Hong Kong Film Gala Presentation » នៅក្នុងឆ្នាំ២០២៥នេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រើកចំណងរវាងវិស័យភាពយន្ត កម្ពុជា និងហុងកុងឱ្យកាន់តែទូលំទូលាយ ដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) ជំនួយហិរញ្ញវត្ថុពី មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO)នៅទីក្រុងបាងកក នឹងសហការរៀបចំដោយក្រុមហ៊ុន Westec Media Limited ។ តាមការដាក់បញ្ចាំងភាពយន្តហុងកុងទាំ៦កាលពីចុងសប្តាហ៍នេះគឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេស កម្ពុជា ដូចជារឿង « Blossoms Under Somewhere , Little Red Sweet , Stunt Man , Papa , Mr.Vampire និងរឿង Inexternal ជាដើម ...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច