ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥
«ប្តីខ្ញុំជូនឱ្យនាង » គឺជាភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍ ភីអិនអិន ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងនិងប្រជុំដោយសិល្បករសិល្បការិនីវ័យក្មេងជាច្រើនរូប ធានាថាប្លែកគួរឱ្យចង់ទស្សនា ត្រៀមនឹងបង្ហាញវត្តមានៅ PNN ឆាប់ៗនេះ ។
ទន្ទឹមនិងវិស័យភាពយន្តខ្មែរកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ក៏បានផលិតភាពយន្តថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះ ភីអិនអិន ក៏បានផលិតរឿងថ្មីមួយទៀតដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ដែលប្រជុំទៅដោយសិល្បករសិល្បការិនីវ័យក្មេងដ៏មានទេពកោសល្យ ។
អ្នកនាង សិទ្ធី នីកា , យ៉ានិច្ច , ដាវដាវ លោក ឃុន និងលោក ខេង ម៉ោងហួត គឺជាតួអង្គសំខាន់ៗនៅក្នុងរឿង « ប្តីខ្ញុំជូនឱ្យនាង » ដែលជាស្នាដៃថ្មីរបស់ទូរទស្សន៍ ភីអិនអិន ។ តាមរយៈរូបភាពដែលទស្សនិកជនឃើញស្រាប់នេះគឺជាឈុតក្រៅឆាកខ្លះៗនៅក្នុងរឿង « ប្តីខ្ញុំជូនឱ្យនាង » ដែលសិល្បករសិល្បការិនីកំពុងសម្តែងដោយយកចិត្តទុកដាក់បំផុត បើទោះបីជាស្ថិតនៅក្រោមកំដៅក្តៅហែងយ៉ាងណាម្នាក់ៗមិនត្អូញត្អែឡើយ ។
លោក ឡុង សុវណ្ណថា ជាអ្នកផលិតនិងដឹកនាំរឿង « ប្តីខ្ញុំជូនឱ្យនាង » គឺភាពយន្តភាគថ្មីមួយបែបទៀត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំង និងប្រជុំដោយសិល្បករថ្មីៗជាច្រើនរូប ។
ក្នុងរឿងនេះគឺចង់និយាយពីរឿងស្នេហារបស់តួឯកប្រុសស្រីដែលធ្វើការងាររួមគ្នាក្នុងស្ថានីយ៍ទូរទស្សន៍មួយ ប៉ុន្តែខាងតួស្រីមានគ្រួសារ និងមានកូនរួចទៅហើយ គ្រាន់តែស្វាមីរបស់នាងជាបុរសខិលខូចចូលចិត្តដើរលេង និងយ៉ែស្រីមិនរើសមុខ រហូតធ្វើឱ្យតួឯកស្រីទ្រាំពុំបាន ក៏កើតជាការលែងលះ ។
នៅមានឈុតឆាតជាច្រើនទៀតដែលនឹងធ្វើឱ្យទស្សនិកជន កាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាពិសេសក្នុងរឿងនេះក៏ជាងរឿងដែលបង្ហាញពីតថភាពសង្គមយើងផងដែរ ។
លោក ឡុង សុវណ្ណថា បានបញ្ជាក់បន្ថែមថា មូលហេតុដែលលោកនិងក្រុមការងារជ្រើសរើសតួសម្តែងសុទ្ធតែក្មេងៗមកសម្តែងក្នុងរឿង « ប្តីខ្ញុំជូនឱ្យនាង » គឺដោយសារលោកចង់ផ្លាស់ប្តូររសជាតិថ្មី ម្យ៉ាងវិញទៀតពួកគាត់សុទ្ធតែជាតារាល្បីនិងមានទេពកោសល្យខ្ពស់ក្នុងវិស័យសម្តែង ។
សិល្បករសិល្បការិនីនៅក្នុងរឿង « ប្តីខ្ញុំជូនឱ្យនាង » រំពឹងថា រឿងនេះនឹងផ្ទុះខ្លាំងនៅពេលដាក់បញ្ចាំង ។ ប្រសិនបើចង់ជ្រាបច្បាស់នោះកុំភ្លេចរងចាំទស្សនាភាពយន្តភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ទាំងអស់គ្នាក្នុងពេលឆាប់ៗខាងមុខ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច