ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

គាំទ្រភាពយន្តក្នុងស្រុក! តារាល្បីៗរៀបរាប់រឿងហេតុព្រឺសម្បុរពេលថតរឿង «អ្នកបោះតង់ចំណូលថ្មី» សម្ពោធចាក់បញ្ចាំងផ្លូវការ!

០៧ កក្កដា ២០២៥ | កម្សាន្ដ

 

 

ស្របពេលរឿង «អ្នកបោះតង់ចំណូលថ្មី» បានសម្ពោធចាក់បញ្ចាំងផ្លូវការ តារាសម្តែងល្បីៗក្នុងរឿងនេះ នាំគ្នារៀបរាប់ហេតុការណ៍ព្រឺព្រួច និងផ្តាំឱ្យគ្រប់គ្នាកុំខកខានទស្សនារឿងនេះ ព្រោះមានឈុតឆាករន្ធត់ៗជាច្រើន ពិសេសការធ្វើពិធីប្រពៃណីបែបអ្នកភូមិដែលយើងកម្របានឃើញពីមុនមក។

 

 

វណ្ណកម្មស្នាដៃភាពយន្តថ្មីមួយទៀតរបស់ LD Entertainment ចំណងជើង «អ្នកបោះតង់ចំណូលថ្មី» បានរៀបចំកម្មវិធីសម្ពោធយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ នៅរោងភាពយន្ត Legend by Ize ដោយមានការចូលរួមពីសិល្បករ-សិល្បការនីល្បីៗ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

 

 

ក្នុងពិធីសម្ភោធរឿងនេះដែរ លោក អ៊ុន ប៊ុនធឿន អ្នកដឹកនាំរឿង «អ្នកបោះតង់ចំណូលថ្មី» បានប្រាប់ឱ្យភីអិនអិនដឹងថា រឿងនេះត្រូវបានផលិតឡើងដោយយោងទៅតាមទីតាំងពិតនៃភូមិកាចក់ ស្រុកវើនសែ ខេត្តរតនគីរី ដោយឆ្លុះបញ្ចាំងពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌ សាសនា និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ពិសេសការធ្វើពិធីបែបសាសនាដ៏ព្រឺព្រួត ដែលយើងកម្របានឃើញពីមុនមក។ 

 

 

 

បន្ថែមពីលើនេះតារាសម្តែងល្បីៗដូចជា កញ្ញា អ៊ិន ម៉ូលីកា លោក ហ៊ី ដារ៉ាត់ កញ្ញា ផល ធីតា ប្រូសុផេង និងលោក ញ៉េប វណ្ណៈ ហៅ ដានជើង បានលើកឡើងស្រដៀងគ្នាពីហេតុការណ៍ពិតដ៏រន្ធត់ព្រឺព្រួចមិនអាចបំភ្លេចបានអំឡុងពេលថតរឿង «អ្នកបោះតង់ចំណូលថ្មី» ឬ «Junior Camper» នៅភូមិកាចក់។ 

 

 

 

ទោះបីជាការថតត្រូវជួបផលលំបាកច្រើនយ៉ាងណាក៏ដោយ ក៏តួអង្គសម្តែងទាំងអស់ពេញចិត្តចំពោះស្នាដៃភាពយន្តថ្មីនេះ ថែមទាំងរំពឹងថា រឿងនេះផ្ទុះការគាំទ្រខ្លាំងទៀតផង ដោយសារសាច់រឿងថ្មីប្លែក គួបផ្សំទីតាំងថតផ្ទាល់ពិតៗ និងភាពកំប្លុកកំប្លែងរបស់តារាសម្តែងម្នាក់ៗ នឹងជួយរុញច្រានរឿងនេះឱ្យកាន់តែទាក់ទាញជាងមុន។

 

 

 

ចង់ដឹងសាច់រឿងច្បាស់បែបណានោះ កុំភ្លេចរង់ចាំតាមដានរឿង «អ្នកបោះតង់ចំណូលថ្មី| Junior Camper» ចាប់ពីថ្ងៃទី១០ ខែកក្កដា តទៅ នៅគ្រប់រោងភាពយន្តទាំងអស់!


 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025