ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
ដ្បិតធ្លាប់សម្ដែងរឿងរាប់មិនអស់តែកម្រណាស់ថាស្នាដៃខ្លួនចេញទៅបញ្ចាំងទៅក្រៅប្រទេស តែសម្រាប់រឿង”ទាយាទធ្មប់” ធ្វើឱ្យ សារ៉ាយ សក្ខណា រំពឹងជឿជាក់ថានឹងចូលទីផ្សារអន្តរជាតិបានក្រោយពីមានផលិតករល្បីឈ្មោះរូបនេះជួយជ្រោមជ្រែង។
« ទាយាទធ្មប់ » គឺជាភាពយន្តភ័យរន្ធត់ថ្មីមួយដែលសហការគ្នាផលិតដោយផលិតកម្ម Two River International និង M Picture Cambodia ដែលបង្កប់ទៅដោយអាថ៌កំបាំង និងប្រជុំដោយតារាសម្តែងដ៏មានទេពកោសល្យ ដូចជាអ្នកនាង សារ៉ាយ សក្ខណា , ស្វែង សុជាតា និងលោក ផង់ ដែលជាតារាសម្តែងផង និងជាអ្នកដឹកនាំរឿងផង ។
លោក ផង់ បានជួបទុក្ខធ្ងន់ត្រូវបានបាត់បង់ឪពុកនៅពេលចាប់ផ្តើមក្រុងពាលីថតរឿងនេះកាលពីឆ្នាំមុន ។ នៅក្នុងពិធីសម្ពោធបញ្ចាំងរឿង « ទាយាទធ្មប់ » លោក Jimmy Henderson ដែលជាផលិតករជនជាតិ អុីតាលី ដ៏ល្បីឈ្មោះ បានដាក់ក្តីរំពឹងខ្ពស់ទៅលើរឿងនេះ ដោយរំពឹងថា នឹងមានអ្នកចូលរួមគាំទ្រច្រើន ភាពយន្តនេះអាចនឹងឈានទៅដល់ទីផ្សារអន្តរជាតិ ។
សម្រាប់តារាសម្តែង សារ៉ាយ សក្ខណា ដែលជាតួអង្គសំខាន់មួយរូបនៅក្នុងរឿង « ទាយាទធ្មប់ » ក៏មានវត្តមាននៅក្នុងរឿងនោះផងដែរ ។ ថ្វីដ្បិតតែទើបសម្រាលកូនបានមួយខែនាងក៏បានចូលរួមពិធីសម្ពោធស្នាដៃថ្មីរបស់ខ្លួនទាំងទឹកមុខស្រស់ស្រាយ នាងថា មិនអាចអាក់ខានបានឡើយចំពោះការចូលរួមនេះពីព្រោះស្នាដៃថ្មីនេះគឺនាងពេញចិត្តខ្លាំងហើយក៏ជាលើដំបូងហើយដែលនាងសម្តែងជាគ្រូទាយឃើញវិញាណ ។
ចំណែកលោក ផង់ ដែលជាអ្នកដឹកនាំផង និងជាតួប្រុសនៅក្នុងរឿង « ទាយាទធ្មប់ » ផង លោកបានស្រក់ទឹកភ្នែកនៅពេលដែលនិយាយដល់ការថតរឿង ពីព្រោះលោកបានជួបរឿងសោកសៅបំផុតនៅពេលដែលចាប់ផ្តើមក្រុងពាលីថត ។
« ទាយាទធ្មប់ » គឺជាភាពយន្តភ័យរន្ធត់ដែលត្រៀមនឹងដាក់បញ្ចាំងជាផ្លីវការនៅថ្ងៃទី ១២ ខែ ធ្នូ នៅគ្រប់រោងភាពយន្តទូរទាំងខេត្តក្រុងនាប៉ុន្មានថ្ងៃខាងមុខនេះហើយ ដូច្នេះបើចង់ជ្រាបច្បាស់ កុំភ្លេចចូលរួមគាំទ្រភាពយន្តខ្មែរ និងលើកទឹកចិត្តដល់សិល្បករនិងអ្នកដឹកនាំរឿងឱ្យបានច្រើនកុះករ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា