ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥

ចាក់បញ្ចាំងក្នុងស្រុកចប់ភាពយន្តភ័យរន្ធត់តូចតែខ្លឹម « ផ្ទះព្រាយកន្លង » ត្រៀមចាក់បញ្ចាំងនៅក្រៅប្រទេសថែមទៀត

០៤ កញ្ញា ២០២៤ | កម្សាន្ដ

 

 

« ផ្ទះព្រាយកន្លង » ភាពយន្តភ័យរន្ធត់ នឹងដាក់បញ្ចាំងនៅរោងភាពយន្តជាផ្លូវការចាប់ពីថ្ងៃស្អែកនេះតទៅដែលភាពយន្តថ្មីនេះមានចំណុចពិសេសៗជាច្រើនដែលអាចទាក់ចិត្តអ្នកគាំទ្រខ្លាំង ។  

 

 

« ផ្ទះព្រាយកន្លង » ជាភាពយន្តភ័យរន្ធត់ដ៏សម្រិតសម្រាំងរបស់ផលិតកម្ម LD បានសម្ពោធចាក់បញ្ចាំងផ្លូវការហើយកាលពីល្ងាចម្សិលមិញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន។ ភាពយន្តនេះនឹងចាក់បញ្ចាំងផ្លូវការតាមរោងភាពយន្តនានាចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្អែកនេះតទៅ។ មិនត្រឹមតែប៉ុណ្ណោះភាពយន្តមួយនេះក៏ត្រៀមចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេសថែមទៀត។

 

 

ផលិតកម្ម LD បានសម្ពោធស្នាដៃថ្មីរបស់ខ្លួន « ផ្ទះព្រាយកន្លង » កាលពីថ្ងៃទី ០៣ ខែ កញ្ញា កន្លងមកនេះនៅរោងភាពយន្ត Legend បឹងកក់ ដែលប្រជុំទៅតារាសម្តែងវ័យក្មេងជាច្រើនរូប ។ រឿង « ផ្ទះព្រាយកន្លង » ជារឿង ខ្មែរ បែបភ័យរន្ធត់ បង្កប់ដោយអបិយជំនឿផ្សេងៗ ដែលមហាជនភាគច្រើនមិនសូវបានដឹង មិនបានចាប់អារម្មណ៍ ។ លោក លៀក លីណា ម្ចាស់ផលិតកម្ម LD បានឱ្យដឹងថា ការផលិតរឿងបែបរន្ធតគឺជួបនូវការលំបាកជាច្រើនដោយសារតែត្រូវថតនៅពេលយប់ច្រើន ។ 

 

 

ដោយឡែកលោក ពៅ មករា ដែលជាអ្នកនិពន្ធរឿង « ផ្ទះព្រាយកន្លង » បានសង្ឃឹមយ៉ាងមុតមាំថា រឿងនេះនឹងផ្ទុះខ្លាំងនៅពេលដាក់បញ្ចាំង ដោយសារតែសាច់រឿងដែលលោកសរសេរឡើងគឺរំលឹកឡើងនូវប្រពៃណីនៃការធ្វើពិធីឡើងផ្ទះថ្មី ដែលជាជំនឿតពីបុរាណមកដល់សព្វថ្ងៃនេះ ក្នុងនោះរូបលោកក៏បានបញ្ចូលនូវជំនឿព្រាយសំពោងសក់ធំចូលរួមផងដែរ ។

 


លោក  អ៊ុំ សុវណ្ណគរី , កញ្ញា អឿន រ៉ូហ្សា និង កញ្ញា ឃុល សាមេនតា គឺជាតួអង្គសំខាន់ៗនៅក្នុងរឿង « ផ្ទះព្រាយកន្លង » អ្នកទាំង ៣ រំពឹងថាស្នាដៃរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយសាររឿងនេះពួកគេបានដាក់ចិត្តដាក់កាយថត មិនខ្លាចនូវការនឿយហត់ ។ 

 

 

សម្រាប់ទស្សនិកជនដែលស្នេហាវិស័យភាពយន្តខ្មែរ អាចចូលរួមទស្សនារឿង « ផ្ទះព្រាយកន្លង »ចាប់ពីថ្ងៃទី ០៥ ខែ កញ្ញា ស្អែកនេះតទៅ នៅគ្រប់រោងភាពយន្ត ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ និងសិល្បករទាំងអស់ ។ ជាមួយគ្នានេះផងដែរលោក លៀក លីណា បានបញ្ជាក់បន្ថែមថា ទោះបីជារឿង « ផ្ទះព្រាយកន្លង » មើលទៅតូចបន្តិច ប៉ុន្តែលោកសង្ឃឹមថា អាចនឹងទទួលបានការគាំទ្រច្រើនមិនចាញ់រឿងមុនៗឡើយ  ។   

 

 

បន្ទាប់ពីបញ្ចេញនូវស្នាដៃថ្មីរបស់ខ្លួន LD ក៏មានគម្រោងនឹងបញ្ចេញស្នាដៃទី ៧ របស់ខ្លួននៅក្នុងខែនេះផងដែរ ដែលមានចំណងជើងថា « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ ទៅតាមការសំណូមពររបស់ទស្សនិកជន ដូច្នេះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025