ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤

 « ប្រវត្តិស្នេហ៍នាងនាថ » ភាពយន្តបង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតៗ និងចាយទុនជាងមួយលានដុល្លារសម្ពោធចាក់បញ្ចាំងផ្លូវការ!

២៩ កក្កដា ២០២៤ | កម្សាន្ដ

 

 

 « ប្រវត្តិស្នេហ៍នាងនាថ » ភាពយន្តខ្នាតធំ និងបង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិត ថែមទាំងចាយទុនដ៏សម្បើមជាង មួយលានដុល្លារបានសម្ពោធចាក់បញ្ចាំងផ្លូវការហើយ។

 

 

នៅក្នុងពិធីសម្ពោធដាក់បញ្ចាំងរឿង « ប្រវត្តិស្នេហ៍នាងនាថ » កាលពីម្សិលមិញនេះផលិតកម្ម LD បានបញ្ជាក់យ៉ាងច្បាស់ថា រឿង « ប្រវត្តិស្នេហ៍នាងនាថ » ជារឿង ខ្មែរ ពិតៗ មិនបានចំលងមកពីប្រទេសណាមួយឡើយ ទាំងសាច់រឿង ទីតាំងថត និងសម្លៀកបំពាក់  ។ ភាពយន្តនេះបានចាយទុនដល់ទៅ ១ លានដុល្លារដែលមានអ្នកចូលរួមវិនិយោគទុនដល់ទៅ ១០ នាក់ ។

 

 

« ប្រវត្តិស្នេហ៍នាងនាថ » វគ្គ យុវវ័យក្រោយសម័យអង្គរ បានដាក់សម្ពោធបញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ២៨ ខែ កក្កដា កន្លងមកនេះ ដោយមានវត្តមានខាងតំណាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ  សមាគមសិល្បករខ្មែរ រួមជាមួយសិល្បករសិល្បការិនីល្បីៗជាច្រើនរូបដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតតាមសម័យកាលដែលខ្លួនចូលចិត្ត ។

 

 

សម្រាប់សាច់រឿង « ប្រវត្តិស្នេហ៍នាងនាថ » គឺផលិតឡើងជាប្រភេទរឿងស៊េរី មាន ៣ វគ្គធំៗ សម្រាប់វគ្គ យុវវ័យក្រោយសម័យអង្គរនេះ ។ ស្របពេលដែលផលិតកម្ម LD បានដាក់សម្ពោធបញ្ចាំងរឿង « ប្រវត្តិស្នេហ៍នាងនាថ »ជាផ្លូវការ ស្រាប់តែមានប្រទេសជិតខាងនិយាយថា រឿងនេះកូពីពីរឿងរបស់គេ ដែលកំពុងធ្វើឱ្យមានចម្រុងចម្រាស់ជាច្រើនកើតឡើងក្នុងវិស័យសម្តែង តែទោះជាយ៉ាងណា លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបញ្ជាក់យ៉ាងច្បាស់លាស់នៅក្នុងពេលនេះថា « ប្រវត្តិស្នេហ៍នាងនាថ » ជារឿង ខ្មែរ ពិតៗដែលបានកើតឡើងនៅលើទឹកដីខេត្ត បាត់ដំបង ក្នុងប្រទេស កម្ពុជា  ។

 

 

លោក លៀក លីដា សង្ឃឹមថារឿង « ប្រវត្តិស្នេហ៍នាងនាថ » នឹងមានអ្នកចូលរួមគាំទ្រច្រើនដើម្បីជាកម្លាំងចិត្តដល់អ្នកផលិត និង តារាសម្តែង ជាពិសេសក្នុងរឿងនេះ យើងបានចាយទុនដល់ទៅ ១ លានដុល្លារ ជាមួយអ្នកវិនិយោគទុនចំនួន ១០ នាក់ ។  

 


សម្រាប់តួអង្គសំខាន់ៗដែលបានចូលរួមសម្តែងនៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » រួមមានតារា   សម្តែង ភូមា លោក Paing Takhon , លោក ទេព រិនដារ៉ូ , ជា សុវណ្ណនរាហ , កញ្ញា មាលា កូនកាត់ ខ្មែរ បារាំង និង អ្នកនាង សារ៉ាយ សក្ខណា ជាដើម...។ តារាសម្តែងទាំងអស់បានសម្តែងនូវការត្រេអរ និង សំណូមពរឱ្យអ្នកគាំទ្រចូលរួមគាំទ្រភាពយន្តនេះឱ្យបានច្រើន ។ 


 

តាមគម្រោងរឿង « ប្រវតិ្តស្នេហ៍នាងនាថ » នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ០១ ខែ សីហា ខាងមុខនេះនៅគ្រប់រោងភាពយន្ត ។ បើទោះបីជារឿងនេះចាក់បញ្ចាំងនៅក្នុងរដូវវស្សា ប៉ុន្តែ លោក លៀក លីដា នៅតែរំពឹងថា ស្នាដៃថ្មីរបស់ LD នឹងផ្ទុះខ្លាំងមិនចាញ់រឿងមុនៗឡើយ ហើយលោកមានគម្រោងនឹងយករឿងនេះទៅដាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ ។

 

 

ប្រសិនបើទស្សនិកជនចង់ដឹងច្បាស់ថា « ប្រវត្តិស្នេហ៍នាងនាថ » មានសាច់រឿងល្អមើលកម្រិតណានោះ កុំភ្លេចទៅទស្សនាទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្តដល់សិល្បករ ខ្មែរ យើង ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024