ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
ពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន សំដែងភាពរីករាយ ចាប់តាំងពីមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន ដែលធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពប្រសើរឡើង ដែលស្ថានីយប្រព្រឹត្តកម្មទឹកស្អាតនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលទឹកកខ្វក់នៅតាមផ្ទះ ព្រមទាំងអាចរំដោះទឹកនៅក្នុងខែវស្សា បញ្ជៀសពីការជន់លិចថែមទៀត។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន ស្ថិតនៅក្នុងខេត្តកំពង់ធំ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន កាត់បន្ថយការបំពុលទឹកក្នុងអាងទន្លេសាប ព្រមទាំងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន កាន់តែមានភាពប្រសើរឡើង។
លោកស្រី អ៊ិន សោភា ជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែនមួយរូប លើកឡើងកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រុមអ្នកសារព័ត៌មានដែលដឹកនាំឱ្យ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ទៅកាន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន ថា ចាប់តាំងពីមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមក ការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ មិនត្រូវព្រួយបារម្ភពីការជន់លិចរយៈពេលយូរដូចមុនទៀតនោះទេ។
ជាមួយគ្នានេះ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានទី២ មានប្រសាសន៍ដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ បានរៀបចំជាប្រព័ន្ធលូ ដែលទាញយកទឹកកខ្វក់ពីតាមផ្ទះប្រជាពលរដ្ឋទៅកាន់ស្ថានីយប្រព្រឹត្តកម្ម ដែលកាលពីមិនទាន់មានស្ថានីយនេះ នៅក្នុងរដូវវស្សា ទឹកភ្លៀង និងទឹកកខ្វក់ទាំងនេះ បានហូរចូលទៅកាន់បឹងទន្លេសាប ដែលបណ្តាលឱ្យមានការបំពុលទឹកជាដើម។
ទន្ទឹមនឹងគ្នានេះ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបាន បង្ហាញអារម្មណ៍រីករាយនៅពេលឃើញប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទទួលបានផលជាវិជ្ជមាន ក្នុងការអនុវត្តន៍គម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានទី២នេះ។
គួរបញ្ជាក់ដែរថា គម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញបឹងទន្លេសាបជំហានទី២នេះ បានអនុវត្តន៍នៅក្នុងក្រុងចំនួន ៣នៅជុំវិញបឹងទន្លេសាប ក្នុងនោះរួមមាន ក្រុងស្ទឹងសែន ក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ។
ដោយឡែកចំពោះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែននេះ ត្រូវបានសាងសង់លើផ្ទៃដី ១៦,៥០ ហិកតា តភ្ជាប់ជាមួយបណ្តាញលូទឹកកខ្វក់ប្រវែង ៤៤ គីឡូម៉ែត្រ បណ្តាញលូបង្ហូរទឹកភ្លៀង ២៣,៣៥ គីឡូម៉ែត្រ និងការតភ្ជាប់ផ្ទាល់នឹងបណ្តាញលូនិងបង្គន់តាមផ្ទះចំនួន២.១៤២ ដែលមានន័យថាទឹកសំណល់ចេញពីផ្ទះនីមួយៗ រួមមានបង្គន់អនាម័យ ផ្ទះបាយ ឬបន្ទប់ទឹកនឹងហូរដោយផ្ទាល់ទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តែម្តង៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា