ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
កងទ័ពជើងទឹករបស់ប្រទេសចិន និងថៃបានធ្វើលំហាត់យោធារួមគ្នាប្រឆាំងនឹងភេរវកម្មនៅទីក្រុងហ្សានជាំង (Zhanjiang) នៃខេត្តក្វាងតុង (Guangdong) នៅភាគខាងត្បូងនៃប្រទេសចិន។
កងទ័ពជើងទឹករបស់ប្រទេសចិន និងថៃបានធ្វើសមយុទ្ធប្រឆាំងភេរវកម្មរួមគ្នាលើកទី៦កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃការហ្វឹកហ្វឺនផ្នែកទ័ពជើងទឹករួមគ្នាហៅថា«ការប្រយុទ្ធពណ៌ខៀវឆ្នាំ២០២៥» (Blue Strike-2025) នៅទីក្រុងហ្សានជាំង ខេត្តក្វាងតុងប្រទេសចិនដើម្បីបង្កើនកិច្ចសហការទ្វេភាគី និងបង្កើនសមត្ថភាពប្រតិបត្តិការរួម។
ក្នុងពេលធ្វើសមយុទ្ធនេះ ទាហានជើងទឹកចិន និងថៃបានសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រតិបត្តិការរបស់ពួកគេដោយបានប្រមូលផ្ដុំគ្នាយ៉ាងលឿនចេញជាអង្គភាពប្រឆាំងភេរវកម្មមួយ និងបានបំពេញការងារធ្វើសមយុទ្ធជាបន្តបន្ទាប់រួមទាំងការរឹបអូសអគារ ការបោសសម្អាតបន្ទប់ ការធានាការផ្គត់ផ្គង់គ្រាប់រំសេវ និងការផ្តល់ជំនួយមនុស្សធម៌។
លោក ហ្សាវ គ័រតុង (Zhao Guodong) ជាទ័ពម៉ារីនម្នាក់បាននិយាយថា ក្នុងពេលធ្វើប្រតិបត្តិការហ្វឹកហ្វឺននេះ ពួកគេបានជួបបញ្ហាប្រឈមខ្លះៗគឺការប្រើប្រាស់ភាសា ប៉ុន្តែដើម្បីជម្នះនឹងបញ្ហានេះ ពួកគេបានប្រើភាសាសញ្ញាដើម្បីសម្រួលក្នុងការធ្វើលំហាត់យោធានេះ។
ក្នុងពេលធ្វើសមយុទ្ធនេះ ពួកគេបានក្លែងជាបង្កើតព្រឹត្តិការណ៍ប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់ជាក់ស្ដែងមួយចំនួនដោយកងម៉ារីនចិន និងថៃបានធ្វើការរួមគ្នាដើម្បីកម្ចាត់សមាជិកដែលគេបានក្លែងធ្វើជាក្រុមភេរវករ ហើយសមយុទ្ធនេះបានជួយបង្កើនសមត្ថភាពរបស់ពួកគេក្នុងការធ្វើប្រតិបត្តិការរួមគ្នាជាពិសេសនៅតំបន់ឆ្នេរសមុទ្រ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន