ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥

ក្រុមជួយសង្គ្រោះចិនបានរកឃើញអ្នកនៅមានជីវិតទីពីរក្នុងគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ក្រុមជួយសង្គ្រោះចិនបានរកឃើញអ្នកនៅមានជីវិតទីពីរក្នុងគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ខណៈចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនេះបានឡើងដល់យ៉ាងតិច១៧០០នាក់ ហើយតួលេខនេះអាចនឹងកើនឡើងថែមទៀតដោយសារមានអ្នកបាត់ខ្លួនរាប់រយនាក់។
 

 

 

 

 

ក្រុមជួយសង្គ្រោះចិនបានទាញយកកុមារតូចម្នាក់ទាំងនៅមានជីវិតចេញពីគំនរបាក់បែកនៃអគារខុនដូស្កាយវីឡា (Sky Villa) ដោយជោគជ័យនៅក្នុងទីក្រុងម៉ាន់ដាឡេនៃប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទនេះ។ នេះគឺជាអ្នកនៅមានជីវិតទីពីរដែលក្រុមកម្មករចិនបានជួយសង្គ្រោះចាប់តាំងពីបានទៅដល់ទីក្រុងដែលរងគ្រោះដោយរញ្ជួយដីមួយនេះ។

 

កុមារដែលគេបានជួយសង្គ្រោះនេះបានជាប់គាំងក្រោមគំនរបាក់បែកជាង៦០ម៉ោងហើយបន្ទាប់ពីការរញ្ជួយដីដ៏សាហាវថ្មីៗនេះ ខណៈដែលអ្នកជួយសង្គ្រោះបានរាយការណ៍ថា កុមារនេះមានស្ថានភាពធម្មតានៅពេលជួយសង្គ្រោះហើយ។

 

សូមរំលឹកថា កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍មុន ទីក្រុងម៉ានដាឡេប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះដោយការរញ្ជួយដីយ៉ាងខ្លាំងក្នុងកម្រិត៧.៧រ៉ិកទ័រនៅក្នុងជម្រៅ១០គីឡូម៉ែត្រដោយបានបញ្ជូនរលករំញ័ររហូតទៅដល់រាជធានីបាងកកប្រទេសថៃផងដែរ។

 

 

 

 

មន្ត្រីអាជ្ញាធរមីយ៉ាន់ម៉ាបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនេះបានកើនឡើងដល់ប្រហែល១៧០០នាក់នៅមីយ៉ាន់ម៉ា ខណៈដែលមនុស្សជាង៣៤០០នាក់ទៀតបានរងរបួស។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈដែលមនុស្សប្រហែល៣០០នាក់កំពុងបាត់ខ្លួននៅឡើយ។

 

ក្រោយពីមានគ្រោះរញ្ជួយដីនេះភ្លាម មេដឹកនាំមីយ៉ាន់ម៉ាលោក មីន អុងលាំង បានអំពាវនាវរកជំនួយអន្តរជាតិដើម្បីជួយសង្គ្រោះអ្នកដែលបានរងគ្រោះដោយការរញ្ជួយដីនេះ។ មកដល់ពេលនេះ មានប្រទេសមួយចំនួនបានឆ្លើយតបនឹងការអំពាវនាវនេះដូចជាចិន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង ស្វីស សហរដ្ឋអាម៉េរិក ថៃ ម៉ាឡេស៊ី និងសិង្ហបុរីព្រមទាំងប្រទេសមួយចំនួនទៀតដោយពួកគេភាគច្រើនបានបញ្ជូនបុគ្គលិកផ្នែកជួយសង្គ្រោះទៅទីនោះ ហើយខ្លះទៀតបានត្រឹមតែបញ្ជូនជំនួយមនុស្សធម៌តែប៉ុណ្ណោះ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025