ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ការិយាល័យវិភាគសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់សហរដ្ឋអាមេរិក បានថយចុះក្នុងអត្រាប្រចាំឆ្នាំ ០,៣% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ មានការធ្លាក់ចុះខ្លាំង បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែលសម្រេចបានកំណើន ២,៤%។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ការិយាល័យវិភាគសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការថយចុះនៃផលិតផលក្នុងស្រុកសរុបពិតប្រាកដ នៅក្នុងត្រីមាសទី ១ ឆ្លុះបញ្ចាំងពីការកើនឡើងនៃការនាំចូល ការថយចុះនៃចំណាយរបស់អ្នកប្រើប្រាស់ និងការថយចុះនៃការចំណាយរបស់រដ្ឋាភិបាល។របាយការណ៍បានបង្ហាញថា ការនាំចេញរបស់អាមេរិក ស្ថិតក្នុងមួយទាបបំផុត ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការស្តុកទុកទំនិញ ចំពេលមានការព្រួយបារម្ភអំពី ពន្ធខ្ពស់នាពេលអនាគត។
ជាមួយគ្នា ការចំណាយរបស់អ្នកប្រើប្រាស់ ដែលមានចំណែក ២ភាគ ៣ នៃ GDPសរុបរបស់អាមេរិក បានកើនឡើងក្នុងល្បឿន ១,៨% ដែលយឺតជាងអត្រា ៤% នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។សេដ្ឋកិច្ចវិទូមួយចំនួននៅ Wall Street បានផ្លាស់ប្តូរទស្សនវិស័យរបស់ពួកគេ ចំពោះកំណើនអវិជ្ជមាន ដែលភាគច្រើន គឺដោយសារតែការកើនឡើងនៃការនាំចូលដែលមិនរំពឹងទុក រហូតដល់ ៤១% ខណៈដែលក្រុមហ៊ុន និងអ្នកប្រើប្រាស់ ព្យាយាមស្តុកទុក មុនពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ផ្តើមអនុវត្តនៅដើមខែមេសា។
យ៉ាងណាក៏ដោយ របាយការណ៍ខាងលើ ត្រូវបានដាក់ចេញមុនគោលនយោបាយស្រពិចស្រពិលរបស់លោកដូណាល់ ត្រាំ ខណៈសេដ្ឋកិច្ចវិទូជាច្រើន ពុំមានសុទិដ្ឋិនិយមថា វិបត្តិសេដ្ឋកិច្ចអាចនឹងកើតមានក្នុងពេលឆាប់ៗនោះទេ ហើយមួយចំនួនទៀត ជឿជាក់ថា សេដ្ឋកិច្ចអាមេរិក អាចនឹងងើបឡើងវិញ នៅក្នុងត្រីមាស បន្តបន្ទាប់ក្នុងឆ្នាំនេះ។ជាចុងក្រោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រជាជនអាមេរិកអត់ធ្មត់ ចំពោះការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី ១ ដែលមិនបានរំពឹងទុក ដោយអះអាងថា ពន្ធគយរបស់លោក នឹងនាំទៅរក ភាពរីកចំរើននៅក្នុងសេដ្ឋកិច្ចអាមេរិក នាពេលខាងមុខ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ