ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី ១ គ្រោងនឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្ន ការសាងសង់ស្ទើររួចរាល់ទាំងស្រុង។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យ និងពិភាក្សាលើ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ការពិនិត្យដោះស្រាយបញ្ហាបច្ចេកទេសសំខាន់ៗមួយចំនួន ដូចជា ការបំពេញបែបបទវិញ្ញាបនបត្រអាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម ដើម្បីឈានទៅការបើកដំណើរការប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពេលខាងមុខ។
នាឱកាសនោះ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួល ដោះស្រាយការងាររៀបចំប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ បានឲ្យដឹងថា ក្រោយពិនិត្យជារួម និងស្ដាប់របាយការណ៍ឃើញថា គម្រោងវឌ្ឍនភាពនៃការសាងសង់ស្ទើរតែរួចរាល់ ប៉ុន្ដែអ្វីដែលនៅតែពិនិត្យបន្ដតទៅទៀតនោះ ទាក់ទងទៅនឹងដំណើរការលើលក្ខខណ្ឌបច្ចេកទេស នៃការផ្ដល់វិញ្ញាបនបត្រ និងលក្ខណៈបច្ចេកទេស នៃការបើកដំណើរការប្រតិបត្តិការ។
បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន ៣១ក្រុមហ៊ុន កំពុងមានប្រតិបតិ្តការនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ មានក្រុមហ៊ុនក្នុងស្រុកចំនួន ៥ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ទាំង ៣១នេះ នឹងផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបើកដំណើរការ។
សូមជម្រាបថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៦% នឹងគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត