ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

តម្រូវការឥណទានលក្ខណៈបុគ្គល មានភាពវិជ្ជមាននៅត្រីមាសទី១ ឆ្នាំ២០២៥

០៩ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

សមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទានមានការកើនឡើង ហើយចំនួននៃការស្នើសុំឥណទានបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើងក្នុងត្រីមាសទី១ បើប្រៀបធៀបនឹងត្រីមាសមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា។ 

 

 

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍របស់ខ្លួននៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥នេះថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលបានកើនឡើង ដែលមានទំហំទឹកប្រាក់ឥណទានសរុបជាង ២,១២ លានដុល្លារអាមេរិក ស្មើរនឹង ២,២៤%។

 


យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី (CBC) បានបង្ហាញថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល តំណាងឱ្យចេតនារបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទាន ក្នុងទម្រង់ជាឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬកម្ចីអចលនទ្រព្យ មានការកើឡើង ៦% នៃចំនួនពាក្យស្នើសុំ។ 

 


ក្នុងនោះ ដំណើរការឥណទានលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំងពីបរិមាណឥណទានលក្ខណៈបុគ្គលគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ បានបង្ហាញពីទីផ្សារឥណទានមានការកើនឡើង ២,២៤% បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២៤។ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈបុគ្គល ដែលវាស់ដោយអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៧,០៧% ដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខានបង់ប្រាក់កម្ចីមានការកើនឡើង។

 


ទន្ទឹមនឹងនេះ ស្ថិតក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ហាក់មានភាពមិនច្បាស់លាស់ វិស័យហិរញ្ញវត្ថុនៅកម្ពុជារងឥទ្ធិពលដែលនឹងប៉ះពាល់ដល់អត្រាកំណើនក្នុងវិស័យនេះទាបជាងការរំពឹងទុក ខណៈវិស័យនេះបានធ្វើការប្រយ័ត្នប្រយែងនៃការបញ្ចេញឥណទានចាប់តាំងពីក្រោយការគ្រប់គ្រងបាន នៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារតែអត្រាឥណទានមិនដំណើការកើនឡើង។ជាមួយគ្នានេះ បើយោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៩ ពាន់លានដុល្លារអាមេរិក។

 

 

ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ គឺមានឥណទានប្រមាណ ៦០% ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ មានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩លានរៀល ឬប្រមាណ ២៩,៧ ពាន់លានដុល្លារ ស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកខ្ចីសរុបចំនួន ៦៩ ម៉ឺននាក់។សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025