ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
នៅក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ៩០០លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា អំឡុងពេលនេះ កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករ សរុប ៩០០លានដុល្លារអាមេរិក ដោយក្នុងនោះ ការនាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៥៩ប្រទេស និងតំបន់ និងរកចំណូលបាន ២០៩លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ កម្ពុជា បាននាំចេញស្រូវសរុបបានចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២៣លានដុល្លារអាមេរិក។ដោយឡែក សម្រាប់អង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទ នាំចេញបានចំនួន ៧៨% អង្ករ ស ចំនួន ១៧% និងប្រភេទអង្ករផ្សេងៗប្រមាណ ៥%ទៀត។
បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ក្នុងរយៈពេល ៤ខែនេះ បើគិតជាទឹកប្រាក់សរុបជាង ១០៦លានដុល្លារអាមេរិក ហើយបន្ទាប់ពីនោះ គឺប្រទេសចិន ជាអ្នកទិញអង្ករកម្ពុជា លំដាប់ទី ២ គិតជាទឹកប្រាក់ ៤១លានដុល្លារអាមេរិក។
សូមជម្រាបថា គិតត្រឹមមួយឆ្នាំពេញ ២០២៤ ការនាំចេញស្រូវអង្កររបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញអង្ករសម្រេចបានជាង ៤៩០លានដុល្លារ និងស្រូវ ជិត ១៥០០លានដុល្លារ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ